បាល់ទាត់៖ ជំនួបដែលលើកពេលរវាង Manchester United និង Liverpool កាលពីថ្ងៃអាទិត្យ នឹងត្រូវលើកមកប្រកួតនៅយប់រំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ ទី១៣ សប្តាហ៍ក្រោយ។ សេចក្តីសំរេចនេះមានន័យថា Manchester United នឹងត្រូវលេង ២ប្រកួតក្នុងរយៈពេលត្រឹម ៥០ម៉ោងបន្ទាប់ពីការប្រកួតទល់នឹង Leicester City ក៏ត្រូវរុញទៅលេងនៅថ្ងៃអង្គារ ទី១១។
ដោយឡែកសំរាប់ Liverpool ការប្រកួតនៅទឹកដី West Brom ក៏នឹងមិនមានការប្រែប្រួលដែរ ដោយនឹងរក្សាអោយប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ដដែល។ សរុបមក Manchester United នឹងត្រូវលេងដល់ទៅ ៤ប្រកួតក្នុងមួយសប្តាហ៍ ពោលគឺយប់ថ្ងៃព្រហស្បតិ៍នេះជួប Roma នៅទឹកដីអ៊ីតាលីជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, ជួប Aston Villa ក្រៅដីនៅថ្ងៃអាទិត្យ, ជួប Leicester City នៅថ្ងៃអង្គារ និងជួប Liverpool នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
រំលឹកថា ជំនួបរវាង Manchester United និង Liverpool នៅ Old Trafford កាលពីថ្ងៃអាទិត្យត្រូវបានប្រកាសលើកពេល បន្ទាប់ពីមានក្រុមបាតុករសម្រុកក្នុងទីលានមុនការប្រកួត ២ម៉ោង ខណៈអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United តវ៉ាប្រឆាំងប្រធានក្លិបគ្រួសារត្រកូល Glazer។ ប្រសិនបើ Manchester United ចាញ់ Liverpool ក៏មានន័យដែរថា Manchester City នឹងគ្រងជើងឯក English Premier League រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ