លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានព្រមានថាសេដ្ឋកិច្ចអាចនឹងធ្លាក់ចូលក្នុងឱនភាព និងបណ្ដាលឲ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ ប្រសិនបើគណបក្សសាធារណរដ្ឋមិនយល់ព្រមបង្កើនកម្រិតប្រាក់បំណុលរបស់ប្រទេសនេះ ពីចំនួន៣១,៤សែនកោដិដុល្លារមុនពេលថ្ងៃផុតកំណត់ជិតចូលមកដល់។

នៅក្នុងសុន្ទរកថា បែបយុទ្ធនាការនៅក្នុងស្រុកដែលមានការប្រទាញប្រទង់គ្នាខ្លាំងក្នុងរដ្ឋ New York កាលពីថ្ងៃអង្គារលោក Biden បានចោទប្រកាន់គណបក្សសាធារណរដ្ឋពីបទចាប់សេដ្ឋកិច្ចជាចំណាប់ខ្មាំងដោយទាមទារឲ្យកាត់បន្ថយការចំណាយដ៏ច្រើនឥតប្រយោជន៍ ជាថ្នូរនឹងការដំឡើងកម្រិតបំណុល។
លោក Biden និយាយនៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង Valhallaរដ្ឋ New York ជារដ្ឋដែលគណបក្សសាធារណរដ្ឋបានឈ្នះសំឡេងតិចតួចក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីខែវិច្ឆិកា២០២២នោះថា យើងនឹងនាំយកការងារទាំងអស់ត្រឡប់មកវិញជូនប្រជាពលរដ្ឋទូទាំងសហរដ្ឋអាមេរិក។
ពេលនេះ មិនមែនជាពលវេលាបង្កហានិភ័យ គំរាមកំហែងឲ្យមានឱនភាព ធ្វើឲ្យការងារសម្រាប់មនុស្សរាប់លាននាក់ ជួបបញ្ហា និងបំបាក់មុខរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោកនោះទេ។

រដ្ឋបាលលោកBiden និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានព្យាយាមស្វែងរកដំណោះស្រាយរួមមួយលើការបង្កើន ឬការផ្អាកខ្ចីបំណុលដើម្បីទប់កុំឲ្យសហរដ្ឋអាមេរិកខកខានការសងបំណុលរបស់ខ្លួននៅប៉ុន្មានសប្ដាហ៍ខាងមុខ៕