កងអង្គភាពអ៊ុយក្រែន បានឲ្យដឹង កាលពីថ្ងៃពុធថា ខ្លួនបានវាយបំបែកកងពលតូចរុស្ស៊ីមួយនៅជិតមូលដ្ឋានដ៏រឹងមាំនៃទីក្រុង Bakhmut ក្នុងឧបទ្ទវហេតុមួយ ដែលផ្តោតសំខាន់លើការប្រឈមជាមួយវិមានក្រឹមឡាំង ខណៈដែលខ្លួនអនុវត្តនូវអ្វី ដែលហៅថា ប្រតិបត្តិការសឹកដ៏លំបាកបំផុត។

ការអះអាងរបស់កងអង្គភាពនេះ ហាក់ដូចជាគាំទ្រដល់ការអត្ថាធិប្បាយរបស់ប្រធានក្រុមហ៊ុនកងទ័ពឯកជន Wagner លោក Yevgeny Prigozhin ដែលកាលពីថ្ងៃអង្គារ បានប្រាប់ថា កងពលតូចរុស្ស៊ី បានបោះបង់ចោលទីតាំងរបស់ខ្លួន នៅទីក្រុង Bakhmut ដែលជាគោលដៅចម្បងរបស់ទីក្រុងម៉ូស្គូ ក្នុងការវាយប្រហាររដូវរងារបស់ខ្លួន និងជាទិដ្ឋភាពនៃការប្រយុទ្ធថ្មើរជើងដ៏បង្ហូរឈាមបំផុត នៅទ្វីបអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។

លោកឧត្តមនីយ៍ឯក Oleksandr Syrskyi ដែលដឹកនាំកងកម្លាំងទាហានជើងគោករបស់ប្រទេសអ៊ុយក្រែន បាននិយាយថា កងអង្គភាពរបស់ប្រទេសរុស្ស៊ី នៅតំបន់ខ្លះនៃទីក្រុង Bakhmut បានដកថយរហូតដល់ទៅ ២គីឡូម៉ែត្រ ដោយសារការវាយបក។ លោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។
បណ្ដាញព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យអំពីស្ថានភាពនៅសមរភូមិនោះបានទេ។ អង្គភាពទាហានស៊ីឈ្នួល Wagner បានដឹកនាំការវាយលុករបស់រុស្ស៊ីអស់រយៈពេលជាច្រើនខែមកទៅលើទីក្រុងភាគខាងកើត ដោយទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែកងកម្លាំងអ៊ុយក្រែនបាននិយាយថា ការវាយប្រហារកំពុងជាប់គាំង។
ទីភ្នាក់ងារព័ត៌មាន Tass បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Bosnian Serb ថា៖ «ប្រតិបត្តិការយោធាពិសេសនៅតែបន្ត។ នេះគឺជាប្រតិបត្តិការដ៏លំបាកមួយ ហើយជាការពិតណាស់ គោលដៅជាក់លាក់ត្រូវបានសម្រេចក្នុងរយៈពេល ១ឆ្នាំ»។
កងទ័ពរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែន ក្នុងអ្វីដែលទីក្រុងម៉ូស្គូហៅថា ជាប្រតិបត្តិការសឹកពិសេស ហើយដំបូងឡើយវាយដណ្តើមបានទឹកដីយ៉ាងច្រើន ប៉ុន្តែកងកម្លាំងរបស់ទីក្រុងគីវ បានវាយរុញឲ្យដកថយវិញ។ មន្ត្រីលោកខាងលិចប៉ាន់ស្មានថា ទាហានរុស្ស៊ីជាង ២០ម៉ឺននាក់ ត្រូវបានសម្លាប់ ឬរងរបួស៕