ប្រទេសចិន នឹងក្លាយជាប្រធានបទដ៏ធំនៅឯកិច្ចប្រជុំនៃបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេសG7 ក្នុងសប្ដាហ៍នេះ ដែលនឹងស្វែងរកការបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសនេះ ប៉ុន្តែក៏ព្យាយាមទាញកិច្ចសហប្រតិបត្តិការរបស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាបំណុលសកលផងដែរ។

គោលដៅផ្ទុយគ្មា នឹងគ្របដណ្ដប់លើភាពងាយរងគ្រោះដែលក្រុមប្រទេសប្រជាធិបតេយ្យសម្បូរទ្រព្យ G7 ជួបប្រឈម ដោយសារតែការពឹងផ្អែកខ្លាំងរបស់ខ្លួនលើប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក និងជាប្រទេសម្ចាស់ប័ណ្ណបំណុលធំបំផុតទី២របស់សហរដ្ឋអាមេរិក។

បញ្ហាប្រឈមដ៏តានតឹងនៃការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុ ដែលបានជួបភាពរំជើបរំជួលរួចទៅហើយ បន្ទាប់ពីការដួលរលំធនាគារកាលពីថ្មីៗនេះ នឹងគ្របដណ្ដប់កិច្ចប្រជុំរយៈពេល៣ថ្ងៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុង Niigataរបស់ប្រទេសជប៉ុន ។
ខណៈរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងចូលរួមកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេស G7 ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបង្ហាញសញ្ញាពីឱកាសនៃការលុបចោលដំណើររបស់លោកទៅកាន់ទីក្រុង Hiroshima សម្រាប់កិច្ចប្រជុំកំពូលនៅសប្ដាហ៍ក្រោយ ប្រសិនបើបញ្ហាបំណុលមិនត្រូវបានដោះស្រាយទេនោះ។
វិបត្តិបំណុលរបស់សហរដ្ឋអាមេរិក គឺបញ្ហាដ៏ឈឺក្បាលសម្រាប់ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ G7 នៅឆ្នាំនេះ និងជាប្រទេសកាន់ប័ណ្ណបំណុលធំបំផុតរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក៕