ភ្នំពេញៈ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរលើហ្វេសប៊ុក ដោយបានបង្ហាញក្ដីរំភើប និងមានមោទនភាពបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្តកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចរបស់ខ្លួនទទួលស្ថាគមន៍ភ្ញៀវ ប្រភិភូកីឡា និងកីឡាករ កីឡាការិនី នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយ ស្នាមញញឹម ដ៏កក់ក្តៅ ទន់ភ្លន់ ជាមួយនឹងរបៀបរបបធ្វើការងារប្រកបដោយទំនួលខុសត្រូវ។
ឯកឧត្ដមបានថ្លែងថា ការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបស្នាមញញឹម ដ៏កក់ក្តៅ ទន់ភ្លន់ ជាមួយនឹងរបៀបរបបធ្វើការងារប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្អូនៗយុវជនស្ម័គ្រចិត្តយើងទាំងអស់គ្នា ពិតជាធ្វើឲ្យឯកឧត្ដម រីករាយ និងគួរឲ្យកោតសរសើរមែន។
ឯកឧត្ដម ក៏សូមអភ័យទោស ដែលឯកឧត្ដមមិនបានសួរសុខទុក្ខប្អូនៗ (ស្ម័គ្រចិត្ត) ឲ្យបានដល់គ្រប់ទីតាំងទាំងអស់។
ឯកឧត្ដមបន្តថា៖«ក៏ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំសូមអរគុណចេញពីបេះដូង និងទទួលស្គាល់តម្លៃ នៃការស្ម័គ្រចិត្តរបស់ប្អូនៗគ្រប់ៗគ្នា ក៏ដូចជាអ្នកចូលរួមនានាគ្រប់ៗរូប។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកទាំងអស់គ្នា ហើយក៏ចង់ប្រាប់ដែរថា កម្ពុជា ក៏មានមោទនភាពចំពោះអ្នកទាំងអស់គ្នាដូចគ្នា»៕







