ក្រសួងការបរទេសរបស់ប្រទេសទុយនីស៊ី បាននិយាយ កាលពីថ្ងៃពុធថា មនុស្ស ៦នាក់ រួមទាំងខ្មាន់កាំភ្លើងផង ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារបាញ់ប្រហារមួយ ដែលបានកើតឡើង កាលពីយប់ថ្ងៃអង្គារ នៅជិតវិហារ La Ghriba លើកោះ Djerba ភាគខាងត្បូងទុយនីស៊ី។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងចំណោមជនរងគ្រោះមានភ្នាក់ងារ ៣នាក់នៃឆ្មាំជាតិ និងជនស៊ីវិល ២នាក់ ដោយម្នាក់ជាជនជាតិបារាំង និងម្នាក់ទៀតជាជនជាតិទុយនីស៊ីកាត់បារាំង»។

ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីការទទួលខុសត្រូវសម្រាប់ «ការវាយប្រហារដ៏កំសាកនេះ»។
ក្រសួងបានសង្កត់ធ្ងន់ថា «ការវាយប្រហារលើប្រជាជនស្លូតត្រង់នេះ នឹងពង្រឹងការរួបរួមរបស់ប្រទេស និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តការប្រយុទ្ធប្រឆាំងឥតឈប់ឈរ ចំពោះឧក្រិដ្ឋកម្មគ្រប់ទម្រង់ទាំងអស់ និងកម្ចាត់អ្នកដែលនៅពីក្រោយការវាយប្រហារនេះ»។
កាលពីយប់ថ្ងៃអង្គារ ឆ្មាំម្នាក់ដែលមានទំនាក់ទំនងជាមួយឆ្មាំជាតិ បានបើកការបាញ់ប្រហារទៅលើបុគ្គលិកសន្តិសុខ ដែលឈរជើងនៅជិតវិហារ ដែលបណ្តាលឲ្យភ្ញៀវទេសចរ ២នាក់ និងមន្ត្រីសន្តិសុខផ្សេងទៀតស្លាប់ មុនពេលជនបង្កនោះ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការបាញ់តគ្នា។
មនុស្សជាច្រើននាក់ផ្សេងទៀត រួមទាំងមន្ត្រីសន្តិសុខ និងជនស៊ីវិល បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕