អាមេរិក៖ សកលវិទ្យាល័យមួយបានរកឃើញថា ឧបទ្ទវហេតុឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងពលរដ្ឋអាស៊ី នៅក្នុងទីក្រុងសំខាន់ៗជាច្រើនរបស់សហរដ្ឋអាមេរិក បានកើនឡើងរង្វង់ ១៦៤% អំឡុងត្រីមាសដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍មួយចេញដោយមជ្ឈមណ្ឌល សម្រាប់ការសិក្សាពីអំពើស្អប់ខ្ពើម និងការរើសអើងនៅសកលវិទ្យាល័យ California State University ក្នុងទីក្រុង San Bernardino បានរកឃើញចំនួនឧបទ្ទវហេតុ ដែលត្រូវបានរាយការណ៍កើនឡើងដល់ ៩៥ករណី ពីតួលេខចាស់មានត្រឹម ៣៦ករណីនៅក្នុងទីក្រុងចំនួន ១៦ នៅទូទាំងសហរដ្ឋអាមេរិក។ ទីក្រុង New York បានមើលឃើញពីការកើនឡើងខ្ពស់បំផុតដល់ចំនួន ២២៣%។ ការកើនឡើងចំនួន ១៤០% ត្រូវបានកើតឡើងនៅក្នុងទីក្រុង San Francisco។ ពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី បានក្លាយជាគោលដៅនៃការវាយប្រហារដោយគ្មានហេតុផល ខណៈការឆ្លងវីរុសកូរ៉ូណាបានរាតត្បាតពាសពេញប្រទេស។
កាលពីថ្ងៃអង្គារ បុរសម្នាក់បានប្រើកាំបិតចាក់ស្ត្រីជនជាតិអាមេរិកដើមកំណើតអាស៊ី ដោយពុំបានដឹងខ្លួននៅកណ្ដាលទីក្រុង San Francisco។ កាលពីខែមុខ សភាអាមេរិកបានអនុម័តសំណើច្បាប់មួយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងសហព័ន្ធ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មស្អប់ខ្ពើម ប្រឆាំងនឹងពលរដ្ឋអាមេរិក មានដើមកំណើតអាស៊ី។ គេរំពឹងថា សំណើនេះនឹងត្រូវបានអនុម័ត ឆាប់បំផុតនៅដំណាច់ខែឧសភា៕
អត្ថបទ៖ សុខមាន