
តុលាការប្រទេសកេនយ៉ា កាលពីថ្ងៃពុធ បានច្រានចោលការដាក់ឲ្យនៅក្រៅឃុំសម្រាប់អ្នកដឹកនាំសាសនាលោក Paul Mackenzie ដែលអាជ្ញាធរនិយាយថា បានបញ្ជាឲ្យសាវ័កបង្អត់អាហារកូនៗរបស់ពួកគេ និងពួកគេផ្ទាល់រហូតដល់ស្លាប់ ហើយបានបន្ថែមពេលឃុំខ្លួនមេដឹកនាំរូបនេះរយៈពេល ៣០ថ្ងៃ។
ចំនួនអ្នកស្លាប់ បានកើនឡើងដល់១៤៥នាក់ពី១៣៣នាក់ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ហើយមនុស្សរាប់រយនាក់ទៀតនៅបាត់ខ្លួន។
អាជ្ញាធរកំពុងស្វែងរកសាកសព នៅក្នុងផ្នូររួមរាក់ៗ ដែលត្រូវបានកប់រាយប៉ាយពាសពេញព្រៃមួយកន្លែង ជាទីដែលសាវ័ករបស់លោក Mackenzie កំពុងរស់នៅ។
លោក Mackenzie ជាអ្នកដឹកនាំព្រះវិហារអន្តរជាតិដំណឹងល្អ នៅពុំទាន់តម្រូវឲ្យចូលខ្លួនផ្តល់ចម្លើយនៅឡើយ បន្ទាប់ពីបានប្រគល់លោកទៅឲ្យនគរបាលកាលពីខែមុន។
មេធាវីតំណាងឲ្យលោក Mackenzie លោក George Kariuki បានិយាយថា គ្រូគង្វាលស្វ័យប្រកាសរូបនេះ កំពុងសហការក្នុងការស៊ើបអង្កេត។
ចៅក្រមលោក Yusuf Shikanda និយាយនៅសវនាការ ក្នុងទីក្រុងកំពង់ផែ Mombasa ថា លោក Mackenzie និងមនុស្ស ១៧នាក់ផ្សេងទៀត ដែលត្រូវបានឃុំខ្លួនក្នុងការជាប់ទាក់ទងជាមួយអ្នកស្លាប់ នឹងពុំត្រូវបានផ្តល់ឲ្យនៅក្រៅឃុំនោះទេ ដោយសារតែការព្រួយបារម្ភថា ការដោះលែងពួកគេនឹងបង្កផលប៉ះពាល់ដល់ការស៊ើបអង្កេត។
