
មុនការបោះឆ្នោតសកលរបស់ប្រទេសថៃ នៅថ្ងៃអាទិត្យទី១៤ ខែឧសភា ខាងមុខនេះ វីដេអូឃ្លីបនៅលើបណ្តាញ Tik Tok ជាបន្តបន្ទាប់ កំពុងផ្សព្វផ្សាយនៅក្នុងប្រទេសថៃ ដោយកំពុងបង្ហាញពីបេក្ខជនតំណែងនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីសំនួរចម្លើយរយៈពេល៣០វិនាទី។
បេក្ខជនម្នាក់ៗត្រូវឆ្លើយសំនួរស្រដៀងគ្នា ដោយឆ្លើយ«Yes» ឬ «No» ចំពោះមតិផ្សេងៗគ្នា ដែលត្រូវបានលើកឡើងអំឡុងយុទ្ធនាការបោះឆ្នោត។ សំនួរមានចាប់ពី ការធ្វើឲ្យស្របច្បាប់ការលក់បារីអេឡិចត្រូនិក រហូតដល់លុបបំបាត់ឧស្សាហកម្មគ្រឿងស្រវឹងក្នុងតំបន់ និងមិនកំណត់ទោសឧក្រិដ្ឋសម្រាប់មុខរបររកស៊ីផ្លូវភេទ។
ប៉ុន្តែបេក្ខជន ក៏ត្រូវបានសួរអំពីការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរឹង ជាប្រធានបទដ៏រសើប ដែលនឹងមិនត្រូវបានពិភាក្សាជាចំហរ រយៈពេលពីរបីឆ្នាំកន្លងមកហើយ។
បេក្ខជនមួយចំនួន បានឆ្លើយ Yes ខណៈអ្នកផ្សេងទៀតឆ្លើយ No។ ម្នាក់នៅស្ទាក់ស្ទើរ និងពុំបានផ្តល់ការឆ្លើយតបច្បាស់លាស់នោះទេ។
បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានឆ្លើយថា មានការលម្អិតច្រើន ខ្ញុំពុំអាចឆ្លើយ Yes ឬ No បាននោះទេ។
ឃ្លីបវីដេអូ ដែលត្រូវបានចេញផ្សាយជាសាធារណៈដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងតំបន់ The Standard ប្រមូលបានអ្នកចូលមើលរាប់លាននាក់ និងយោបល់ជាច្រើននៅលើប្រព័ន្ធអនឡាញ។