វាយកូនបាល់៖ អធិរាជវាយកូនបាល់លើទីលានដីក្រហម Rafael Nadal បានឈានឡើងជុំទី៣ ការប្រកួតកម្មវិធី Madrid Open ក្រោយជ័យជំនះលើ Carlos Alcaraz មិនលំបាក ៦-២ និង ៦-២ ថ្ងៃពុធម្សិលមិញ។

កីឡាករលំដាប់លេខ២ ពិភពលោករូបនេះមិនប្រណីដៃឡើយ ខណៈ Carlos Alcaraz គ្មានឱកាសអបអរខួបកំណើតឈានចូលវ័យ ១៨ឆ្នាំរបស់ខ្លួនបាន។ ជុំបន្តកីឡាករឈរលំដាប់កំពូលក្នុងកម្មវិធី Rafael Nadal នឹងឡើងជុំទី៣ ជួបជាមួយ Alexei Popyrin។ ងាកមកកីឡាករលំដាប់ទី៤ ក្នុងកម្មវិធី កីឡាករក្រិក Stefanos Tsitsipas ក៏បានកក់កៅអីនៅជុំទី៣ ផងដែរក្រោយជ័យជំនះលើកីឡាករបារាំង Benoit Paire។ មិនខុសពី Nadal ឡើយ Tsitsipas ចាញ់តែ ៣ហ្គេមប៉ុណ្ណោះក្នុងការប្រកួតនេះដោយបានយកឈ្នះ Benoit Paire ៦-១ និង ៦-២ ប្រើពេលត្រឹម ៥៤នាទីប៉ុណ្ណោះ។

ដោយឡែកកីឡាករអាមេរិក John Isner ដែលជាអតីតកីឡាករលេខ៨ ពិភពលោកក៏បានយកឈ្នះគូប្រកួតនៅជុំទី២ ដែរតែត្រូវប្រើពេលយូរទំរាំយកឈ្នះកីឡាករម្ចាស់ផ្ទះអេស្ប៉ាញ Roberto Bautista-Agut។ ការប្រកួតត្រូវឆ្លងកាត់ ៣សិតទើបរកចាញ់ឈ្នះឃើញ ពោលគឺ John Isner ដែលគេស្គាល់ថា ពូកែចេញសេវាបានយកឈ្នះ ៦-៤, ៦-៧(៤-៧) និង ៧-៦(៨-៦)។ ជុំបន្ត John Isner នឹងត្រូវជួបជាមួយកីឡាកររុស្ស៊ី Ruben Rublev៕
អត្ថបទ៖នាង សុភាវុធ