
មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់អង្គការណាតូដឹកនាំដោយសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃពុធថា សម្ព័ន្ធយោធារបស់លោក មិនយល់ឃើញថាចិនគឺជាការគំរាមកំហែងនោះឡើយ ហើយពួកយើងក៏មិនធ្វើការលើផែនការយោធាប្រឆាំងនឹងទីក្រុងប៉េកាំងនោះដែរ
គួរឲ្យដឹងថា ទំនាក់ទំនងរវាងចិន និងសមាជិកឈានមុខរបស់អង្គការណាតូ គឺសហរដ្ឋអាមេរិក បានធ្លាក់ដល់កម្រិតទាបកាលពីឆ្នាំមុន ពេលដែលអតីតប្រធានសភាពអាមេរិកលោកស្រី Nancy Pelosiបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលចិនអះអាងសិទ្ធិលើដែនដីកោះមួយនេះថា ជាដែនដីរបស់ខ្លួន ។
ជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចនេះ ទីក្រុងប៉េកាំង បានធ្វើឲ្យបណ្តាញទំនាក់ទំនងផ្លូវការជាមួយទីក្រុងវ៉ាស៊ីងតោន កាន់តែធ្ងន់ធ្ងរ រួមទាំងបណ្តាញទំនាក់ទំនងរវាងយោធារវាងប្រទេសទាំងពីរផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ភាពតានតឹងបានធូស្រាលទៅវិញកាលពីខែវិច្ឆិកា ពេលដែលមេដឹកនាំសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំចិន លោក Xi Jinping បានជួបគ្នានៅកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ G20 និងសន្យាជជែកគ្នាញឹកញាប់ជាងមុន ។
ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំង ២ បានកើនឡើងម្តងទៀតកាលពីខែកុម្ភៈ ពេលដែលបាឡុងហោះរយៈកម្ពស់ខ្ពស់របស់ចិន បានហោះចូលដែនអាកាសសហរដ្ឋអាមេរិក ហើយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken លុបចោលដំណើរទស្សនកិច្ចគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង ជាការឆ្លើយតបនឹងបាឡុងហោះមួយនេះ។
លោកឧត្តមនាវី Rob Bauerគឺជាប្រធានគណៈកម្មាធិការយោធាអង្គការណាតូ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងប៉េកាំងតំណាងឲ្យការប្រឈមដ៏លំបាកមួយប៉ុណ្ណោះ ។
បន្ទាប់ពីជំនួបជាមួយក្រុមប្រធានយោធាជាតិសម្ព័ន្ធមិត្តអង្គការណាតូនៅទីស្នាក់ការកណ្តាលស្ថិតនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Bauerនិយាយថា ពួកយើងកំពុងធ្វើការលើផែនការប្រឆាំងនឹងរុស្ស៊ី និងក្រុមភេរវកម្ម ពោលគឺមិនមែនផែនការប្រឆាំងនឹងទីក្រុងប៉េកាំងនោះឡើយ ៕