
កាលព្រឹកថ្ងៃពុធ (១០ ឧសភា) អង្គភាពអនុវត្តន៍ច្បាប់ផ្នែកអន្តោប្រវេសន៍ និងគយ (ICE) និងប្រតិបត្តិការបញ្ជូនចេញរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជើងហោះហើរបញ្ជូនចេញពីទីក្រុង El Paso ទៅប្រទេសហុងឌុយរ៉ាស់ និងកាតេម៉ាឡា ដោយបញ្ជូនចេញនូវមនុស្ស ដែលត្រូវបានចាប់ខ្លួន ដោយកងល្បាតព្រំដែនអាមេរិក កាលពីពេលថ្មីៗនេះ។
មន្ត្រីរបស់ ICE រាយការណ៍ថា មនុស្សជាង ១០០នាក់ ត្រូវបានបញ្ជូនទៅហុងឌុយរ៉ាស និងកាតេម៉ាឡា។
បុរស និងស្ត្រីទាំងនោះ ត្រូវបានដាក់ខ្នោះ អំឡុងដំណើរការដឹកជញ្ជូននោះ។ ជាធម្មតា ជើងហោះហើរបញ្ជូនចេញរបស់ ICE ពីរដ្ឋតិចសាស់ ចាកចេញពីទីក្រុង San Antonio និង Harlingen ក្នុងជ្រលងភ្នំ Rio Grande ខណៈជើងហោះហើរផ្សេងទៀត ចាកចេញពីរដ្ឋ Virginia, Miami និងទីក្រុង Phoenix ។
សកម្មភាពរបស់ ICE នេះ គឺជាការធ្វើឡើងនៅមុនការដកច្បាប់រឹតបន្តឹងតាមព្រំដែនទប់ស្កាត់ COVID-19 ដែលគេស្គាល់ថា ច្បាប់សុខភាពមាត្រាទី៤២ (Title 42) នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (ទី១១ ខែឧសភា)។
ក្រោមច្បាប់មាត្រាទី៤២ ដែលមានតាំងពីខែមីនា ឆ្នាំ២០២០ មកនោះ អ្នកឆ្លងព្រំដែនជាច្រើនត្រូវបានបញ្ជូនចេញភ្លាមៗវិញទៅកាន់ប្រទេសម៉ិកស៊ិក ដោយគ្មានទុកឱកាសឲ្យស្វែងរកសិទ្ធិជ្រកកោននោះឡើយ៕
