ម៉ារ៉ុក៖ ស្ត្រីម្នាក់មកពីប្រទេសម៉ាលីសម្រាលបានកូនចំនួន ៩នាក់បន្ទាប់ពីរំពឹងថាមានកូនត្រឹមតែ ៧នាក់។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសម៉ាលីដែលបានប្រកាសកាលពីថ្ងៃពុធ។
រដ្ឋមន្ត្រីដដែលនិយាយថា ស្ត្រីឈ្មោះ Halima Cisse បានសម្រាលកូនស្រី ៥នាក់ និងប្រុស ៤នាក់នៅក្នុងប្រទេសម៉ារ៉ុកកាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់ទីនោះសម្រាប់ការមើលថែជាពិសេស។ ប្រភពដដែលបានបន្ថែមថា ស្ត្រីវ័យ ២៥ឆ្នាំ និងទារកទាំងអស់របស់នាងមានសុខភាពល្អធម្មតា។ ប្រទេសម៉ាលីគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសក្រីក្របំផុតជាច្រើននៅលើពិភពលោក។ ក្រោមបទបញ្ជារបស់រដ្ឋាភិបាល ក្រុមគ្រូពេទ្យរបស់អ្នកស្រី Cisse បានបញ្ជូននាងទៅកាន់ប្រទេសម៉ារ៉ុក ព្រោះមន្ទីរពេទ្យនៅក្នុងប្រទេសម៉ាលីមានសម្ភារៈពេទ្យទន់ខ្សោយ មិនអាចផ្ដល់សេវាថែទាំបានល្អ សម្រាប់អ្នកដែលមានផ្ទៃពោះមានកូនច្រើនដ៏កម្របែបនេះ។ ទារកទាំងនោះត្រូវបានដាក់នៅក្នុងទូរកម្ដៅក្នុងបន្ទប់គ្លីនិក៕
អត្ថបទ៖ សុខមាន



