ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ សាខាសមាគមសិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ហាន បូរិន តាមរយៈ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយដ៏ថ្លៃថ្លាជាថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានិត ដើម្បីរួមចំណែក ដោយការចាក់ដីកសាងអគារនៃវិទ្យាល័យ ហ៊ុនសែន ពញាពន់។
តាងនាមសាខាសមាគមខណ្ឌព្រែកព្នៅ លោក ហាន បូរិន បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ានិត ដែលតែងគិតគូរជាចំបងដល់វិស័យអប់រំ។ លោក ហាន បូរិន បានជំរុញដល់សិស្សានុសិស្សខិតខំរៀនសូត្របន្ថែមទៀត ពាក់ព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យស្របនឹងគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល ២០២២-២០៣៥ ក្នុងគោលដៅចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងបង្ហាញពីសមត្ថភាពយុវជនខ្មែរ។
លើសពីនេះ លោក ហាន បូរិន បានផ្តាំផ្ញើ និងណែនាំដល់សិស្សានុសិស្ស ស្វែងយល់ពីតម្លៃសន្តិភាព ដែលបានមកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មគ្គុទេសឯកនយោបាយឈ្នះ ឈ្នះ ដែលនាំឲ្យកម្ពុជា ជាពិសេសវិស័យអប់រំបានកំណែទម្រង់ ដើម្បីទទួលបានគុណភាព និងប្រសិទ្ធភាពសម្រាប់ជាមូលដ្ឋាននៃចំណេះដឹងរបស់សិស្សានុសិស្សចាប់ពីកម្រិតទាបដល់កម្រិតខ្ពស់៕ ដោយ ៖ ឧត្ដម





