ភ្នំពេញ ៖ កីឡាការិនី ខាន់ ចេសា ដែលបានយកឈ្នះមេដាយមាសជូនកម្ពុជា ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ កាលថ្ងៃទី១១ ខែឧសភា បាននាំយកថវិកាចំនួន១ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា នៅអគារទីស្នាក់ការកណ្តាល ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវអគ្គហិរញ្ញិក កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកីឡាការិនី ខាន់ ចេសា ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ជនងាយរងគ្រោះបំផុត។
លោកជំទាវ បានគូសបញ្ជាក់ថា កន្លងមកកាកបាទក្រហមកម្ពុជា បានប្រើប្រាស់ថវិការបស់សប្បុរសជន លើប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា លើសពីនោះបានប្រើប្រាស់ ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្តូងទឹកស្អាត ផ្ដល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ផ្ដល់ជូនអាជ្ញាធរមីន សាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន ពិសេសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន៦២៨ខ្នងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ។
លើសពីនោះទៀតលោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានធ្វើការកោតសរសើរ ចំពោះសមត្ថភាពដ៏ឆ្នើមរបស់ ខាន់ ចេសា ដែលបានយកមេដៃមាស ជូនជាតិមាតុភូមិយើង ដែលមុខមាត់សម្រាប់កម្ពុជា ក្នុងឱកាសកីឡាស៊ីហ្គេម ២០២៣នេះ។
ជាមួយគ្នានោះ កីឡាការិនី ខាន់ ចេសា ក៏បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដែលមានឱកាសចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ប្រជាពលរដ្ឋយើង ដែលត្រូវការយើងជួយជាចាំបាច់។ ចេសា បញ្ជាក់ទៀតថា ពិតជាត្រេកអរណាស់ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជានៅថ្ងៃនេះ ដោយបាននាំយកថវិកាមួយចំនួន ដែលបានពីការប្រកួតស៊ីហ្គេម ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូន មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជួយដល់ប្រជាជនដែលងាយគ្រោះបំផុតនៅកម្ពុជា៕ ដោយ ៖ រក្សា





