
ការវាយប្រហារតាមច្រកអាកាសនៅតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប នៅថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មេបញ្ជាការជីវពលប៉ាឡេស្ទីនទី៤ ធ្វើឲ្យចំនួនមនុស្សស្លាប់ពីការវាយប្រហារចុងក្រោយគេនេះ កើនឡើងដល់ ២៥នាក់។ អ៊ីស្រាអែលបានត្រៀមទប់ទល់នឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតច្រើនគ្រាប់ផងដែរ ស្របពេលដែលអេហ្ស៊ីប ព្យាយាមស្វែងរកបទឈប់បាញ់ ។
វាបានក្លាយជាសង្រ្គាមដ៏ខ្លាំងក្លាបំផុតរវាងអ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ហើយនៅក្នុងចំណោមអ្នកស្លាប់ មានទាំងស្រ្តី និងកុមារផងដែរ ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើក្រុមជីវពលជីហាដអ៊ីស្លាម និងបានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបគឺលោក Ali Ghali ដែលទទួលបន្ទុកកងកម្លាំងបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ពេលដែលផ្ទះល្វែងរបស់គាត់ រងការវាយប្រហារ ។
លោក Daniel Hagari គឺជាអ្នកនាំពាក្យយោធា និយាយប្រាប់វិទ្យុកងទ័ពអ៊ីស្រាអែលថា ជនសកម្មប្រយុទ្ធ២នាក់ផ្សេងទៀត ត្រូវបានសម្លាប់ផងដែរ អំឡុងការវាយប្រហារលើកនេះ ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល ត្រូវអគារជាន់លើគេ គឺជាអគារស្នាក់នៅ ដែលសាងសង់ដោយប្រទេសកាតា នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ដោយបានសម្លាប់មនុស្សយ៉ាងហោច ២នាក់ រួមទាំងមេបញ្ជាការម្នាក់ផងដែរ ។ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា និយាយថា មនុស្ស ២៥នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕
