
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ និយាយថា អាស៊ាន ត្រូវតែបង្ហាញការរួបរួម ដើម្បីសម្រេចចិត្តលើវិធីដោះស្រាយវិបត្តិកើនឡើងនៅសហភាពមីយ៉ាន់ម៉ា ។
លោក Widodo និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្ញុំត្រូវតែនិយាយដោយត្រង់ ។ ការអនុវត្តន៍ផែនការ ៥ចំណុច ពុំដើរទៅមុខទាល់តែសោះ ។
លោក Widodo បានអំពាវនាវដល់ប្លុក ១០ប្រទេសមួយនេះ រកផ្លូវឆ្ពោះបន្ធូរបន្ថយអំពើហិង្សានៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលនាំឲ្យកើតមានរលកនៃការប្រឆាំង និងវិធានការបង្រ្កាបបង្ហូរឈាមដោយយោធា ។
បច្ចុប្បន្នកងទ័ពមីយ៉ាន់ម៉ា បានធ្វើសង្រ្គាមលើសមរភូមិមុខជាច្រើនជាមួយក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមជីវពល ដែលចូលរួមចលនាតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ៕