អ៊ីស្រាអែល៖ យន្តហោះយោធារបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានទម្លាក់គ្រាប់បែកលើលំនៅឋានមួយកន្លែងក្នុងទីប្រជុំអគារលំនៅឋាន នៅក្នុងទីក្រុង Khan Yunis តំបន់ហ្កហ្សាភាគខាងត្បូង ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន៣នាក់ និង៧នាក់របួស។

ក្រុមអ៊ីស្លាមជីហាត បានប្រកាសពីការស្លាប់របស់លោក Ali Hassan Ghali ជាមេបញ្ជាការរបស់កម្មវិធីគ្រាប់រ៉ូកែត Saraya Al-Quds ដែលជាអង្គភាពយោធាមួយរបស់កម្មវិធីនេះ អំឡុងការវាយប្រហារ ជាមួយបង ប្អូនប្រុសរបស់លោក ឈ្មោះ Mahmoud និង ក្មួយប្រុសរបស់លោកម្នាក់។
លោក Ghali គឺជាមេបញ្ជាការយោធាដ៏លេចធ្លោទី៤ ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល អំឡុងការវាយប្រយុទ្ធគ្នា ដែលបានចាប់ផ្ដើមនៅពេលព្រឹកព្រហាម កាលថ្ងៃអង្គារសប្ដាហ៍នេះ។
ចំណែកអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៣០នាក់ និងរបួសជាង៩០នាក់ ក្នុងការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ។
ជនរងគ្រោះទាំងនោះរួមទាំងកុមារ៦នាក់ និងស្ត្រី៣នាក់ ព្រមទាំងប្រធានកងកម្លាំងរ៉ូកែតអ៊ីស្លាមជីហាតប៉ាឡេស្ទីន និងអនុប្រធានរបស់លោក។

ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា បានបន្តបាញ់គ្រាប់រ៉ូកែតសងសឹកចេញពីតំបន់ឆ្នេរសមុទ្ររងការឡោមព័ទ្ធចូលទៅអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សម្នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕