អាមេរិក៖ បន្ទាប់ពីរយៈពេលជាង៣ឆ្នាំ ច្បាប់សម័យលោក ដូ ណាល់ត្រាំ ដែលបានអនុញ្ញាតសម្រាប់ការបណ្តេញចេញភ្លាមៗចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន បានផុតកំណត់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្គាល់ថា វានឹងមានភាពចលាចលមួយរយៈ នៅពេលដែលវិធានការនេះ ត្រូវបានដកចេញ១នាទីមុនពាក់កណ្តាលអាធ្រាតថ្ងៃទី១១ ខែ ឧសភា។
អ្វីទៅជាមាត្រា៤២?

វាមានមកតាំងពីច្បាប់នៅក្នុងឆ្នាំ១៩៤៤ ដែលត្រូវបានគេស្គាល់ថា ច្បាប់សុខភាពសាធារណៈ ដែលបានផ្តល់ឲ្យអាជ្ញាធរអាមេរិកនូវអំណាចបន្ទាន់ដើម្បីការពារការរាលដាលជំងឺ។ នៅក្នុងខែមីនា ឆ្នាំ២០២០ រដ្ឋបាលរបស់លោក Trump បានយកច្បាប់នេះមកប្រើ ដោយលើកឡើងពីតម្រូវការដើម្បីបញ្ឈប់ការរាលដាលជំងឺ Covid-19 ឆ្លងកាត់ព្រំដែន។
ហេតុអ្វីបានជាមាត្រា៤២បញ្ចប់?
បន្ទាប់ពីចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២១ លោក Joe Biden និងរដ្ឋបាលរបស់លោក បានរក្សាទុកគោលនយោបាយដែលមានស្រាប់នេះ និងបានបន្តការពារគោលនយោបាយនេះ ជាវិធានការសុខភាពសាធារណៈរយៈពេលជាង១ឆ្នាំ។ ដោយលើកឡើងពីហានីភ័យសុខភាពសាធារណៈដែលបានថយចុះ នៅខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក ដែលពិនិត្យមើលគោលនយោបាយសុខភាពសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាថាមជ្ឈមណ្ឌលនឹងបញ្ចប់គោលនយោបាយនេះ។
តើមានអ្វីកើតឡើងបន្ទាប់ពីមាត្រា៤២?

រដ្ឋបាលលោក Biden បានណែនាំច្បាប់ថ្មីនៅសប្តាហ៍នេះ ដែលនឹងបដិសេធការសុំសិទ្ធជ្រកកោន ចំពោះជនអន្តោប្រវេសន៍ស្ទើរតែទាំងអស់ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការដ៏ដឹងរ៉ឹង នឹងហាមប្រាមយ៉ាងទូលំទូលាយជនអន្តោប្រវេសន៍ដែលធ្វើដំណើរកាត់តាមប្រទេសផ្សេងៗតាមផ្លូវធ្វើដំណើររបស់ពួកគេទៅកាន់ព្រំដែនម៉ិកស៊ិក-អាមេរិក មិនឲ្យដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក ឬអ្នកដែលមិនបានដាក់ពាក្យស្នើសុំជាមុនតាមប្រព័ន្ធអនឡាញ។