ស៊ូដង់់៖ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា គូជម្លោះរបស់ប្រទេសស៊ូដង់ នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ បានប្ដេជ្ញាការពារជនស៊ីវិល និងចលនាផ្ដល់ជំនួយមនុស្សធម៌ ប៉ុន្តែពុំបានព្រមព្រៀងឲ្យមានបទឈប់បាញ់ទេនិងនៅតែបន្តស្ថិតឆ្ងាយពីគ្នា។

ពួកគេនិយាយថាបន្ទាប់ពីការចរចារយៈពេលមួយសប្ដាហ៍នៅក្នុងទីក្រុងកំពង់ផែ Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កងទ័ពរបស់ស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា ហៅកាត់ថា (RSF) បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយថា ពួកគេនឹងធ្វើការរួមគ្នាឈានទៅការសម្រេចបានបទឈប់បាញ់រយៈពេលខ្លីក្នុងការពិភាក្សានានាបន្ថែមទៀត។
មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភាគីទាំង២នៅមានការខ្វែងគំនិតគ្នាខ្លាំងណាស់។
ក្រសួងការបរទេសអាមេរិក បាននិយាយថា ភាគីទាំង២នឹងផ្ដោតលើការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពរយៈប្រហែល១០ថ្ងៃ ។
មន្ត្រីអាមេរិកបាននិយាយថា អ្នកចរចាដែលធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិកនឹងពិភាក្សាបន្ទាប់អំពីវិធានការសន្តិសុខជាក់លាក់សម្រាប់ការការពារការផ្គត់ផ្គង់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថាវិធានការនានា នឹងរួមបញ្ចូលយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត និងអន្តរជាតិ។

អង្គការសុខភាពពិភពលោក បាននិយាយថា មនុស្សជាង៦០០នាក់ បានស្លាប់ និងជាង៥.០០០នាក់ បានរងរបួសក្នុងការប្រយុទ្ធគ្នានេះ ។ ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសនៅតំបន់អាហ្វ្រិកមួយនេះវិញបាននិយាយថា យ៉ាងហោចណាស់៤៥០នាក់បានស្លាប់ នៅក្នុងតំបន់ Darfur ភាគខាងលិច។
យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ មនុស្សកាន់តែច្រើនបានរត់ភៀសខ្លួនចេញពីរដ្ឋធានីកាទូម (Khartoum)និងតំបន់ Darfur ដែលមានមនុស្ស៧សែននាក់ នៅក្នុងប្រទេសនេះ និងបង្ខំឲ្យមនុស្សចំនួន១៥០.០០០នាក់ ក្លាយជាជនភៀសខ្លួនចូលទៅកាន់រដ្ឋក្បែរខាងនានា៕