អាមេរិក៖មេធាវីតំបន់ Manhattan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតទាហានម៉ារីនអាមេរិកម្នាក់ ដែលបានសម្លាប់បុរសអនាថា ដោយការយកដៃរឹតកមនុស្សរហូតដល់ថប់ដង្ហើម នៅលើរថភ្លើងក្រោមដីនៃទីក្រុងញូវយ៉ក នឹងត្រូវចាប់ខ្លួននាថ្ងៃសុក្រនេះ ហើយនិងត្រូវកាត់ទោសពីបទមនុស្សឃាត។

វីដេអូឃ្លីបដែលត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយមួយ បានបង្ហាញឲ្យឃើញពីអតីតទាហានម៉ារីន ដែលគេស្គាល់ថា ឈ្មោះលោក Daniel Penny បានប្រើដៃក្រៀកករបស់លោក Jordan Neely វ័យ ៣០ឆ្នាំយ៉ាងតឹង កាលពីថ្ងៃទី១ ខែឧសភា ខណៈដែលពួកគេ ជិះលើរថភ្លើង F ក្នុងស្រុក Manhattan។ គ្រូពេទ្យបាននិយាយថា លោក Neely បានស្លាប់ដោយសារការរឹតក ប៉ុន្តែមេធាវីរបស់លោក Penny បាននិយាយថា គាត់មិនមានចេតនាសម្លាប់ជនរងគ្រោះឡើយ។
យោងតាមសាក្សី ឲ្យដឹងថា លោក Neely ដែលត្រូវបានគេស្គាល់ថា អ្នកសម្តែងត្រាប់អតីតអ្នកចម្រៀង Michael Jackson នៅតាមប្រព័ន្ធរថភ្លើងក្រោមដី បាននិយាយខ្លាំងៗអំពីការហេវហត់ និងប្រាប់ថាខ្លួនគេបានត្រៀមខ្លួនស្លាប់ នៅពេលដែលលោក Penny បានងាកទៅឃើញជនរងគ្រោះនៅពីក្រោយ ហើយបានចាប់រឹតករបស់ជនរងគ្រោះ។ លោក Penny បានទប់ជនរងគ្រោះមិនឲ្យរើនៅលើផ្ទៃកម្រាលរបស់រថភ្លើងក្រោមដីរហូតដល់លែងកម្រើក ហើយក្រោយមក លោក Neely ត្រូវបានប្រកាសថាបានស្លាប់។

មេធាវី នៅស្រុក Manhattan លោក Alvin Bragg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងអាចបញ្ជាក់បានថា លោក Daniel Penny នឹងត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទមនុស្សឃាតក្នុងកម្រិតទី២។ យើងមិនអាចផ្តល់ព័ត៌មានបន្ថែមណាមួយបានទេ រហូតដល់ជនល្មើសត្រូវបានកាត់ទោសនៅក្នុងតុលាការព្រហ្មទណ្ឌ Manhattan ដែលយើងរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក»។
ការស្លាប់ និងការពន្យារពេលរបស់រដ្ឋអាជ្ញាក្នុងការចោទប្រកាន់លើលោក Penny បានបង្កឲ្យមានការតវ៉ា ដោយអ្នកខ្លះនិយាយថា ហេតុការណ៍នេះ មានន័យស្មើនឹងការកាត់ទោសដោយមិនវិនិច្ឆ័យ និងគំរូនៃប្រវត្តិសាស្ត្រប្រឆាំងនឹងពណ៌សម្បុរ។ លោក Neely ជាជនជាតិស្បែកខ្មៅ ហើយលោក Penny ជាជនជាតិស្បែកស៕
