ចិន៖ មន្ត្រីជាន់ខ្ពស់របស់ចិន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា ប្រកបដោយភាពស្មោះត្រង់ និងក្នុងន័យស្ថាបនា ស្តីពីទំនាក់ទំនងទ្វេភាគី នៅទីក្រុងវីយែន ប្រទេសអូទ្រីស ក្នុងរយៈពេល ២-៣ថ្ងៃកន្លងមកនេះ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបកិច្ចពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក ស៊ីជម្រៅ ស្មោះត្រង់ និងស្ថាបនា ស្តីពីទំនាក់ទំនងទ្វេភាគី កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា ភាគីទាំង២ បានពិភាក្សាគ្នាលើការលុបបំបាត់ចោលនូវឧបសគ្គ នៅក្នុងទំនាក់ទំនងចិន-អាមេរិក និងស្ដារឲ្យមានស្ថិរភាពឡើងវិញនូវទំនាក់ទំនង ដែលកាន់តែអាក្រក់នេះ។
លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC ផងនោះ បានពន្យល់យ៉ាងលម្អិតនូវជំហរដ៏រឹងមាំរបស់ប្រទេសចិន ចំពោះបញ្ហាកោះតៃវ៉ាន់។
ភាគីទាំង២ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ៊ុយក្រែន និងបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលមានផលប្រយោជន៍រួម។ ភាគីទាំង២ បានឯកភាពបន្តប្រើប្រាស់ឲ្យបានល្អនូវបណ្តាញទំនាក់ទំនងយុទ្ធសាស្ត្រនេះ។
សេចក្ដីថ្លែងការណ៍សង្ខេបខ្លីៗផ្សព្វផ្សាយដោយសេតវិមាន បានពិពណ៌នាកិច្ចពិភាក្សាទ្វេភាគីនេះថា មានភាពស្មោះត្រង់ មានអត្ថន័យជ្រាលជ្រៅ និងប្រកបដោយការស្ថាបនា៕
