លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ ហ្គាហ្សានឹងបន្តទៀត ក្នុងករណីចាំបាច់ ស្របពេលអំពើហិង្សាពុះកញ្ជ្រោលកាន់តែខ្លាំង រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ក្នុងពេលជាច្រើនខែមកនេះ។

លោក Netanyahu បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីការវាយតម្លៃផ្នែកសន្តិសុខនៅក្នុងក្រសួងការពារជាតិក្នុងទីក្រុង Tel Aviv ជាមួយរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ប្រធានទីភ្នាក់ងារចារកម្ម Shin Bet លោក Ronen Bar ប្រមុខកងទ័ព លោក Herzi Halevi និង ក្រុមមន្ត្រីផ្នែកសន្តិសុខជាន់ខ្ពស់ជាច្រើនរូបទៀត។

យោងតាមសេចក្ដីថ្លែងការណ៍ដែលបានចេញជំនួសមុខឲ្យយុទ្ធនាការរបស់ខ្លួន លោក Netanyahu និង លោក Gallant បានណែនាំកងទ័ព និងទីភ្នាក់ងារចារកម្ម Shin Bet ក្នុងការបន្តការទប់ទល់នឹងការសងសឹកដ៏ធ្ងន់ធ្ងរពីក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីន ។
កិច្ចខិតខំប្រឹងប្រែងដើម្បីចរចាស្វែងរកបទឈប់បាញ់ដោយប្រទេសអេហ្ស៊ីប ដែលជារឿយៗធ្វើជាអ្នកសម្របសម្រួលរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅមិនទាន់បានចេញជាលទ្ធផលនៅឡើយ។
យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីន ២៩នាក់ បានស្លាប់ចាប់តាំងពីការចាប់ផ្ដើមវាយប្រយុទ្ធគ្នាមកក្នុងនោះមានកុមារ៦នាក់ ស្ត្រី៣នាក់ និងមនុស្ស៩៣នាក់ផ្សេងទៀតបានរងរបួសរួមទាំងកុមារ៣២នាក់ និងស្រ្តី១៧នាក់៕