តុលាការកំពូលប៉ាគីស្ថាន បានបញ្ជាឲ្យដោះលែងអតីតនាយរដ្ឋមន្រ្តីលោក Imran Khan ដែលការចាប់ខ្លួនពាក់ព័ន្ធនឹងករណីពុករលួយរបស់លោក កាលពីដើមសប្តាហ៍នេះ បង្កឲ្យកើតមានរលកអំពើហិង្សារបស់ក្រុមអ្នកគាំទ្រលោកនៅទូទាំងប្រទេស ក្រោយការសម្រេចរបស់តុលាការកំពូល លោក Khanបានចាកចេញពីតុលាការអមដោយក្បួន ការពារយ៉ាងតឹងរឹង ធ្វើដំណើរទៅកាន់ទីតាំងសុវត្ថិភាព ។

ការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រលោក Khan និងក្រុមនគរបាល បានផ្ទុះឡើងមួយភ្លែតផងដែរនៅជិតអគារតុលាការកំពូល ប៉ុន្តែអំពើហិង្សានៅទូទាំងប្រទេស ហាក់លែងកើតមានទៀតហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានថ្កោលទោសសេចក្តីសម្រេចមួយនេះ និងនិយាយថា ពួកគេប្ដេជ្ញាបន្តស្វែងរកមធ្យោបាយតាមផ្លូវច្បាប់ផ្សេងទៀត ដើម្បីចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីម្នាក់នេះ ។

សម្រាប់ប្រទេសដែលស៊ាំនឹងការដណ្តើមកាន់កាប់ដោយយោធា វិបត្តិនយោបាយ និងអំពើហិង្សានោះ ភាពចលាចលក្នុងសប្តាហ៍កន្លងមកនេះ គឺពុំធ្លាប់កើតមានពីមុនមកនោះទេ ។ ចាប់តាំងពីការចាប់ខ្លួនលោក Khanកាលពីថ្ងៃអង្គារ ក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលនៅតាមទីកន្លែងជាច្រើននៅជុំវិញប្រទេស ហើយក្រុមអ្នកគាំទ្រទាំងនេះ បានវាយប្រហារទៅលើទីតាំងយោធា និងរដ្ឋាភិបាល ពួកគេព្យាយាមវាយយ៉ាងសន្ធាប់ទៅលើទីបញ្ជាការកងទ័ពដ៏សំខាន់របស់យោធា និងបានដុតបំផ្លាញលំនៅដ្ឋានមេបញ្ជាការកងទ័ពកំពូលមួយរូបនៅទីក្រុង Lahore ។
រដ្ឋាភិបាលបានឆ្លើយតបវិញជាមួយនឹងការបង្រ្កាបយ៉ាងចាស់ដៃលើក្រុមអ្នកគាំទ្រលោក Khan ដោយធ្វើការចាប់ខ្លួនមនុស្សជាង ២ពាន់នាក់ មកទល់នឹងពេលនេះ ។
តុលាការកំពូល បានសម្រេចថា ការចាប់ខ្លួនលោក Khanកាលពីរយៈពេល ២ថ្ងៃមុន គឺខុសច្បាប់ ហើយនិងសម្រេចដោះលែងរូបលោកឲ្យនៅក្រៅឃុំ បញ្ជាឲ្យកងកម្លាំងសន្តិសុខការពារលោកនៅទីតាំងសុវត្ថិភាពនៅក្នុងរដ្ឋធានី Islamabad ៕