និយតករផ្នែកគ្រប់គ្រងវិធីសាស្ត្រសម្រាប់ការផ្តល់កំណើតកូនរបស់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ បានបញ្ជាក់ពីកំណើតនៃទារកដំបូងគេរបស់ចក្រភពអង់គ្លេស ដែលត្រូវបានបង្កើតឡើងដោយប្រើបច្ចេកទេសពិសោធន៍រួមបញ្ចូលគ្នា រវាង DNA ពីមនុស្ស ៣នាក់ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារកុមារពីការទទួលតំណែលនូវជំងឺហ្សែនដ៏កម្រ។

អាជ្ញាធរបង្កកំណើតមនុស្ស និងអំប្រ៊ីយ៉ុង បានឲ្យដឹងថា ទារកតិចជាង ៥នាក់ ត្រូវបានផ្ដល់កំណើតតាមវិធីនេះ នៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ដើម្បីជាការការពារនូវអត្តសញ្ញាណរបស់គ្រួសារទាំងនោះ។ ដំណឹងនេះត្រូវបានរាយការណ៍ដំបូង ដោយសារព័ត៌មាន Guardian។

កាលពីឆ្នាំ២០១៥ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលអនុម័តវិធីសាស្ត្រគ្រប់គ្រង ច្បាប់នានា ដើម្បីជួយការពារស្ត្រីដែលមានសរីរាង្គកោសិកាជាប់នឹងភ្នាសមិនគ្រប់គ្រាន់ ដែលជាប្រភពថាមពល ក្នុងកោសិកា ដែលចម្លងជំងឺទៅទារករបស់ពួកគេ។ ទារកដំបូងបង្អស់របស់ពិភពលោក ដែលកើតដោយប្រើបច្ចេកទេសនេះត្រូវបានរាយការណ៍ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦។
ជំងឺហ្សែនតំណពូជ អាចបណ្តាលឲ្យមានជំងឺផ្សេងៗ ដូចជាជំងឺសាច់ដុំ ឆ្កួតជ្រូក បញ្ហាបេះដូង និងពិការភាពផ្នែកបញ្ញាជាដើម។ កុមារប្រមាណជា ១នាក់ ក្នុងចំណោម ២០០នាក់ នៅចក្រភពអង់គ្លេស កើតមកមានបញ្ហាកោសិកា។ មកដល់ពេលនេះ អ្នកជំងឺ ៣២នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យទទួលការព្យាបាលបែបនេះ។
ការស្រាវជ្រាវពីមុនដែលវាយតម្លៃបច្ចេកទេសមួយទៀត ដើម្បីបង្កើតទារកពីមនុស្ស ៣នាក់ រួមទាំងអ្នកផ្តល់មេជីវិត បានរកឃើញថា ប៉ុន្មានឆ្នាំក្រោយមក កុមារមានវឌ្ឍនាការល្អទៅជាក្មេងជំទង់ ដោយគ្មានសញ្ញានៃបញ្ហាសុខភាពខុសប្លែកធម្មតា និងទទួលបានចំណាត់ថ្នាក់ល្អ នៅក្នុងសាលារៀន៕