
លោក Reuben Brigety គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង បានចោទប្រកាន់ប្រទេសមួយនេះថា បានផ្តល់អាវុធដល់ប្រទេសរុស្ស៊ី តាមរយៈនាវាដឹកទំនិញពាក់ព័ន្ធនឹងក្រុមហ៊ុនរងទណ្ឌកម្មដែលបានចូលចតដោយសម្ងាត់នៅមូលដ្ឋានកងទ័ពជើងទឹកនៅជិតទីក្រុង Cape Town កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ ។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa និយាយថា ការស៊ើបអង្កេតជុំវិញការធ្វើដំណើររបស់នាវារុស្ស៊ី Lady R ចូលមូលដ្ឋានកងទ័ពជើងទឹកសំខាន់ប្រទេសរបស់លោក ត្រូវបានធ្វើឡើងរួចហើយដោយពុំបានប្រកាសជាសាធារណៈដោយមានជំនួយពីសេវាកម្មចារកិច្ចសហរដ្ឋអាមេរិក ។
លោកថា ការស៊ើបអង្កេត បានចាប់ផ្តើមមុនពេលលោក Brigetyចេញមុខបកស្រាយជាសាធារណៈក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋធានី Pretoria របស់អាហ្វ្រិកខាងត្បូងថា ទំនិញគឺជាអាវុធ និងគ្រាប់រំសេវ ។
លោក Pretoria និយាយថា សហរដ្ឋអាមេរិកប្រាកដច្បាស់ថា គ្រឿងយុទ្ធោបករណ៍ បានផ្ទុកលើនាវា Lady R នៅមូលដ្ឋានកងទ័ពជើងទឹក Simon's Town ចន្លោះថ្ងៃទី ៦ និងថ្ងៃទី ៨ ខែធ្នូ ហើយក្រោយមក វាត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ។
លោកនិយាយថា រឿងនេះរុញឲ្យមានការសួរដេញដោលពីគោលជំហរអព្យាក្រិត្យរបស់អាហ្វ្រិកខាងត្បូងលើសង្រ្គាមនៅអ៊ុយក្រែន និងការអំពាវនាវរបស់ពួកគេឲ្យបញ្ចប់ជម្លោះ ។
នៅក្នុងសេចក្តីអធិប្បាយដែលបានចុះផ្សាយដោយសារព័ត៌មានជាច្រើនរបស់អាហ្វ្រិកខាងត្បូង លោក Brigety និយាយថា ការផ្តល់អាវុធដល់រុស្ស៊ី គឺជារឿងធ្ងន់ធ្ងរខ្លាំងណាស់ ហើយពួកយើងមិនយល់ឃើញថា បញ្ហាមួយត្រូវបានដោះស្រាយនោះទេ ។
បើសិនជាអាហ្វ្រិកខាងត្បូង ត្រូវបានគេរកឃើញថា បានផ្តល់ជំនួយយោធាដល់រុស្ស៊ីពិតមែន វានឹងគំរាមកំហែងដល់ការបែកបាក់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសដៃគូសំខាន់នៅអាហ្វ្រិកមួយនេះ ៕