ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ភាគីឆេក ជួយបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេស នៃសាធារណរដ្ឋឆេក នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម ដោយបានស្នើភាគីឆេកធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពលទៅកាន់ទីផ្សារប្រទេសឆេក។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវទៀតថា ក្រសួងកំពុងត្រូវការដៃគូវិនិយោគបន្ថែមទៀត ក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមឆ្លើយតបនឹងបញ្ហាសន្តិសុខ និងសុវត្ថិភាពស្បៀងសាកលលោក។
ឯកឧត្តមបន្ថែមថា ជាគោលនយោបាយ ក្រសួងផ្តោតអាទិភាពលើផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផលិតផលិតផលដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងគិតគូដល់និរន្តរភាពបរិស្ថាន Eco-Friendly៕



