
កាលពីថ្ងៃព្រហស្បតិ៍ (១១ ឧសភា) សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តច្បាប់របស់ក្រុមសាធារណរដ្ឋដែលមានគោលបំណងបញ្ឈប់ជនអន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនភាគនិរតីរបស់ប្រទេសនេះជាមួយម៉ិកស៊ិក ដោយបញ្ជូនច្បាប់នេះទៅព្រឹទ្ធសភាដើម្បីស្វះស្វែងរៀបចំច្បាប់អន្តោប្រវេសន៍ទ្វេភាគីដ៏ទូលំទូលាយ។
សំណើច្បាប់ដែលគណបក្សប្រជាធិបតេយ្យបានព្រមានថានឹងត្រូវបានរារាំងក្នុងព្រឹទ្ធសភា នឹងដាក់កម្រិតតឹងរ៉ឹងលើអ្នកស្វែងរកសិទ្ធិជ្រកកោន និងតម្រូវឱ្យពួកគេដាក់ពាក្យសុំការការពារពីសហរដ្ឋអាមេរិកនៅក្រៅប្រទេស។ ច្បាប់នេះក៏នឹងបន្តការសាងសង់របងនៅតាមព្រំដែន និងពង្រីកកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់សហព័ន្ធ។
សមាជិកព្រឹទ្ធសភាឯករាជ្យលោកស្រី Krysten Sinema បានប្រាប់ក្រុមអ្នកសារព័ត៌មានប៉ុន្មានម៉ោងមុនការបោះឆ្នោតសភាថា សេចក្ដីស្នើច្បាប់របស់ក្រុមសាធារណៈរដ្ឋនឹងបើកផ្លូវដើម្បីបង្កើត "សំណើច្បាប់ចុងក្រោយ" ដើម្បីដោះស្រាយមិនត្រឹមតែសន្តិសុខព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណែទម្រង់ប្រព័ន្ធសិទ្ធិជ្រកកោនរបស់សហរដ្ឋអាមេរិក និងរបៀបនៃការផ្ដល់ទិដ្ឋាការផងដែរ។
នៅនាទីចុងក្រោយ មេដឹកនាំសមាជិកសភាគណបក្សសាធារណរដ្ឋ ត្រូវកែប្រែប្រការមួយចំនួននៃសេចក្ដីស្នើច្បាប់របស់ខ្លួនសម្រាប់កសិឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដើម្បីអនុលោមតាមលក្ខខណ្ឌ "ផ្ទៀងផ្ទាត់តាមប្រព័ន្ធបច្ចេកវិទ្យា" សម្រាប់បញ្ជាក់ពីសិទ្ធិទទួលបានការងារនៅសហរដ្ឋអាមេរិក។
សមាជិកសភាគណបក្សសាធារណរដ្ឋមួយចំនួនព្រួយបារម្ភថាសេចក្តីស្នើច្បាប់មុននឹងធ្វើឱ្យការជួលកម្មករកសិដ្ឋានអន្តោប្រវេសន៍មានភាពស្មុគស្មាញពេក៕
