ភ្នំពេញ៖ ក្រសួងផែនការបន្តអនុញ្ញាតឱ្យបុគ្គលិកមន្ត្រីរាជការក្រោមចំណុះទីស្ដីការក្រសួង ធ្វើការតាមប្រព័ន្ធអនឡាញពីផ្ទះបន្តទៀត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីណែនាំក្រសួងផែនការបានបញ្ជាក់ថា ក្រសួងអនុញ្ញាតឱ្យមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងផែនការទាំងអស់ បន្តធ្វើការតាមប្រព័ន្ធអនឡាញពីផ្ទះបន្តទៀតចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងផែនការបញ្ជាក់ទៀតថា ក្រសួងអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គភាពមួយចំនួនយ៉ាងច្រើនបំផុតត្រឹម ២ភាគរយប៉ុណ្ណោះ ទៅបំពេញការងារនៅស្ថាប័នចាំបាច់នៅក្រោមទីស្ដីការរបស់ក្រសួង។
ក្រសួងក៏សម្រេចបន្តផ្អាកជាបណ្ដោះអាសន្ន ១សប្ដាហ៍ទៀតនូវបេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ឬការជួបជុំទាំងឡាយ រហូតដល់មានសេចក្ដីណែនាំថ្មីពីប្រមុខរាជរដ្ឋាភិបាល។
សម្រាប់មន្ត្រីរាជការដែលរស់នៅក្នុង«តំបន់ក្រហម»និង«តំបន់លឿងទុំ» ក្រសួងផែនការ ក៏សម្រេចឱ្យបំពេញការងារពីផ្ទះតាមប្រព័ន្ធអនឡាញផងដែរ ហើយក៏ត្រូវអនុវត្តតាមវិធានការថ្មីរបស់អាជ្ញាធររាជធានី និងខេត្តផងដែរ។
ក្រសួងផែនការសេចក្ដីណែនាំបែបនេះ ដោយថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩៕អត្ថបទ ៖ សុធី