
ស្របពេលដែលកិច្ចប្រជុំស្វែងរកបទឈប់ប ការបនរយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF)ត្រូវបានគេរាយការណ៍ថា មានការរីកចម្រើនទៅមុខនោះ
អង្គការសហប្រជាជាតិ(UN) បានជំរុញឲ្យប្រទេសដែលមានឥទ្ធិពលនៅអាហ្វ្រិកជួយបញ្ចប់ជម្លោះនៅស៊ូដង់។
លោក Volker Turk គឺជាប្រធានផ្នែកសិទ្ធិមនុស្សរបស់UNនិយាយថា លោកចង់យកឱកាសនេះ ដើម្បីជំរុញដល់រដ្ឋទាំងអស់ដែលមានឥទ្ធិពលក្នុងតំបន់ រកគ្រប់មធ្យោបាយដែលមាន ដើម្បីស្វែងរកដំណោះស្រាយវិបត្តិមួយនេះ។
លោក Turk បន្តថា ភាគីទាំង២នៅក្នុងជម្លោះ បានជាន់ឈ្លីច្បាប់មនុស្សធម៌អន្តរជាតិ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមប្រឹក្សាសិទិ្ធមនុស្ស UNបានអនុម័តក្នុងសំឡេងប្រកៀកប្រកិតគ្នានូវញត្តិគាំទ្រដោយលោកខាងលិច ដើម្បីបង្កើនការតាមដានការបំពានសិទ្ធិមនុស្សនៅស៊ូដង់។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានប្រទេសណាមួយនៅអាហ្វ្រិក បោះឆ្នោតលើញត្តិមួយនេះឡើយ។ កិច្ចពិភាក្សាស្វែងរកបទឈប់បាញ់ កំពុងធ្វើឡើងនៅទីក្រុងកំពង់ផែ Jeddah របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយក្រុមអ្នកសម្របសម្រួលសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃពុធថា ពួកគេមានសុទិដ្ឋិនិយមខ្លះ តែពុំទាន់ប្រាកដទាំងស្រុងនោះទេលើជំនួបមួយនេះ ។
មកទល់នឹងពេលនេះ គ្មានភាគីជម្លោះណាមួយ បង្ហាញថាពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់សម្បទានដើម្បីបញ្ចប់សង្រ្គាមនោះឡើយ។ កងកម្លាំងសេរីភាព និងការផ្លាស់ប្តូរស៊ូដង់ ដែលជាក្រុមនយោបាយដឹកនាំផែនការផ្ទេរទៅការគ្រប់គ្រងស៊ីវិល និយាយថា ពួកគេស្វាគមន៍កិច្ចពិភាក្សាមួយនេះ។
សូមបញ្ជាក់ថា ជនស៊ីវិលរាប់រយនាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែមុន ៕
