
អង្គការសហប្រជាជាតិ(UN)បានព្រមាននៅក្នុងសប្តាហ៍នេះថា ការកើតមានសត្វកណ្តូបជាហ្វូងធំៗនៅអាហ្វហ្គានីស្ថាន នឹងគំរាមកំហែងធ្វើឲ្យវិបត្តិស្បៀងអាហារនៅក្នុងប្រទេសមួយនេះ កាន់តែធ្ងន់ធ្ងរ ដោយពួកវានឹង បំផ្លាញជិត ១ភាគ៤នៃផលិតស្រូវសាលីប្រចាំនៅក្នុងឆ្នាំនេះ ។
ជម្លោះរាប់ទសវត្សរ៍ ការធ្លាក់ចុះសេដ្ឋកិច្ច គ្រោះរាំងស្ងួតអូសបន្លាយពេលយូរ និងកត្តាផ្សេងៗជាច្រើនទៀត បានធ្វើឲ្យប្រជាពលរដ្ឋ២ភាគ៣នៅក្នុងប្រទេសមួយនេះ ត្រូវការជំនួយមនុស្សធម៌ ។
យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោក(WHO)បានឲ្យដឹងថា ប្រជាពលរដ្ឋជិត ២០លាននាក់ ប្រឈមនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរ ក្នុងនោះពលរដ្ឋ ៦លាននាក់ ប្រឈមនឹងធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស ។
វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរទៅ ចាប់តាំងពីសហរដ្ឋអាមេរិកដកកងទ័ពចេញ ហើយក្រុមតាលីបង់ដណ្តើមគ្រប់ គ្រងប្រទេសអាហ្វហ្គានីស្ថានជាថ្មី កាលពីឆ្នាំ ២០២១ ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់មូលនិធិកុមារ UN បានប្រកាសអាសន្នកាលពីថ្ងៃព្រហស្បតិ៍ថា កង្វះខាតការផ្តល់មូល និធិ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយស្បៀងអាហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ផែនការឆ្លើយតបមនស្សធម៌អាហ្វហ្គានីស្ថានរបស់ UNសម្រេចបានតែ៧ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ។
យោងតាមការអះអាងរបស់លោកស្រី Melanie Galvin គឺជាប្រធានផ្នែកអាហារូបត្ថម្ភមូលនិធិកុមារអន្តរជាតិ UNICEF បានឲ្យដឹងថា កុមារប្រហែល ៨៧៥.០០០នាក់ នឹងទទួលរងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរគំរាមកំហែងដល់អាយុជីវិតនៅអាហ្វហ្គានីស្ថាន ក្នុងឆ្នាំនេះ ៕