ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់យប់ម្សិលមិញបំផ្លាញផ្ទះសម្បែងពលរដ្ឋ ១៦៦ខ្នងនៅស្រុកបីក្នុងខេត្តកំពង់ចាម
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ផ្ទះសម្បែងប្រជាពលរដ្ឋរហូតដល់ ១៦៦ខ្នង នៅស្រុកចំនួន ៣ នៃខេត្តកំពង់ចាមបានរងការខូចខាត បន្ទាប់ពីភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃម្សិលមិញនេះ។
គណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់បែបនេះតាមរយៈសារនៅក្នុងបណ្ដាញតេឡេក្រាមរបស់ស្ថាប័ននៅរសៀលថ្ងៃនេះ។
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១៦៦ខ្នងនៅស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាសស្ថិតក្នុងខេត្តកំពង់ចាម បានខូចខាតដែលបណ្ដាលមកពីភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃម្សិលមិញនេះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានចាត់ចែងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន ឱ្យចុះទៅជួយដល់ប្រជាពលរដ្ឋរងការខូចខាតផ្ទះសម្បែងទាំងនោះ៕អត្ថបទ ៖ សុធី