ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថតពីអតីតកាល តាមតេឡេក្រាម នៅរាត្រីថ្ងៃទី១២ ខែឧសភានេះដោយបញ្ជាក់ថា “ខ្ញុំបានខិតខំស្វែងរកនាឡិកា ដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ ហើយមកដូរជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩”។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃសម្តេចនេះហើយជានាឡិកាដែលសម្តេចកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីសម្តេចនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត សម្តេចសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។
ប្រហែលដើមខែមីនា១៩៧០ សម្តេចបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ដោយយកម៉ាកទីតូនីដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង ២ដំឡឹងមាស នាពេលនោះ។
នាឡិកានេះបានជួយសម្តេចច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋក្រសួការបរទេស១៩៧៩.១៩៨០ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស១៩៨១.១៩៨២ មុនពេលប្តូរនាឡិកានេះជាមួយសម្តេចជា សុីម ក្នុងឆ្នាំ១៩៨២៕


