ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពី “ ការយល់ដឹងអំពីសុខភាពភ្នែកកុមារ និងទារក ” ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះថា កម្ពុជា ឈានទៅរកការកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ ២០៣០។
ក្នុងសិក្ខាសាលាតម្រង់ទិសខាងលើនេះ រៀបចំឡើងដោយកម្មវិធីជាតិសុខភាពភ្នែក ដោយមានការគាំទ្រពីអង្គការ Sight For All អូស្រ្តាលី និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ និងមានការចូលរួមពីលោក អានដ្រេស សីប្រាស (Mr. Andreas Zurbrugg) ឯកអគ្គរាជទូតរង អូស្ត្រាលីប្រចាំកម្ពុជា។
ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង បន្តថា ជាងពីរទសវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈរបស់ក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីជាតិសុខភាពភ្នែក។ កិច្ចប្រឹងប្រែងនេះ យើងសង្កេតឃើញថាសមត្ថភាពគ្រប់គ្រង និងបង្ការភាពពិការភ្នែកមានការរីកចម្រើនកាន់តែប្រសើរឡើង។ ការប្រើប្រាស់សេវាថែទាំសុខភាពភ្នែក ក៏មានការកើនឡើង ហើយសេវាសុខភាពភ្នែកត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។ ជាលទ្ធផលអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក ក្នុងចំណោមប្រជាជនទូទៅបានធ្លាក់ចុះពី ១,២% ក្នុងឆ្នាំ ១៩៩៥ មក ០,៣៨%ក្នុងឆ្នាំ ២០០៧ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០,៣៧% នៅឆ្នាំ ២០១៩។ ជំងឺត្រាក់កូមមិនមែនជាបញ្ហាសុខភាពសាធារណៈទៀតទេ ហើយជំងឺខ្វាក់មាន់ដែលបណ្តាលមកពីកង្វះជីវជាតិអាត្រូវបានលុបបំបាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សង្ឃឹមថាអ្នកចូលរួមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីស្តីពី ពិការភាពធ្ងន់ធ្ងរនៃជំងឺភ្នែករបស់កុមារ និងទារកដែលអាចជៀសវាងបាន និងចូលរួមស្វែងរកដំណោះស្រាយដើម្បីជួយបញ្ជូនកុមារ និងទារកអ្នកដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរឱ្យទៅរកសេវាឯកទេសទាន់ពេលវេលា ហើយនេះក៏ជាការចូលរួមការអនុវត្តយុទ្ធសាស្ត្រជាតិលើកទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ២០២១-២០៣០ ដែលវាជាការចាំបាច់ខ្លាំងណាស់ ដើម្បីធានាលើការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកទូទាំងព្រះរាជាណាចក្រកម្ពុជា ឈានទៅរកការកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ ២០៣០។
ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា គោលដៅដែលកម្មវិធីជាតិសុខភាពភ្នែករៀបចំសិក្ខាសាលានេះឡើងគឺដើម្បី៖ អប់រំ និងផ្តល់ព័ត៌មាន ដល់គ្រូពេទ្យកុមារ គិលានុប្បដ្ឋាក-យិកា និងមន្រ្តីសុខាភិបាល អំពីពិការភាពធ្ងន់ធ្ងរនៃជំងឺភ្នែករបស់កុមារ និងទារក ដែលអាចជៀសវាងបាន និងការបញ្ជូនមកសង្គ្រោះ និងព្យាបាលឱ្យបានទាន់ពេលវេលា និងដើម្បីកំណត់លក្ខខណ្ឌឱ្យបានត្រឹមត្រូវសម្រាប់អ្នកដែលផ្តល់សេវាថែទាំសុខភាពភ្នែកបឋម ដោយរាប់បញ្ជូលទាំង គិលានុបដ្ឋាក-យិកា និងបុគ្គលិកថែទាំសុខភាពសហគមន៍ ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលជាក់លាក់ ស្តីអំពីសុខភាពភ្នែកកុមារ និងទារក ដើម្បីលើកស្ទួយសេវាបញ្ជូន និងការថែទាំភ្នែកកុមារ និងទារកឱ្យកាន់តែប្រសើរឡើង។
ចំណែកលោក សិត សំអាត មន្រី្តប្រចាំប្រទេសរបស់អង្គការ Sight For All កម្ពុជា-ឡាវ បានឲ្យដឹងដែរថា អង្គការ Sight For All បានបំពាក់ឧបករណ៍ភ្នែករសំរាប់កុមារ និងទារកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត និងនៅមន្ទីរពេទ្យព្រះអង្គឌួង (ហេដ្ឋារចនាសម្ព័ន្ធ) ហើយយើងកំពុងដំណើរការគម្រោងការយល់ដឹងអំពីសុខភាពភ្នែកកុមារ និងទារក (ការយល់ដឹងអំពីសុខភាពភ្នែក) និងចូលរួមអភិវឌ្យយុទ្ធសាស្ដ្រជាតិស្តីពី ការគ្រប់គ្រងនិងបង្ការភាពពិការភ្នែក២០២១ដល់២០៣០ ដែលសុខភាពភ្នែកកុមារ និងទារកជាផ្នែកអទិភាពមួយផងដែរ៕ ដោយ ៖ រដ្ឋា









