ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ(United Nations Economic and Social Council–ECOSOC)បានរៀបចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរក្នុងស្ថាប័នចំណុះចំនួន១៤ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។
ប្រភពដដែលឱ្យដឹងទៀតថា ក្នុងការបោះឆ្នោតនេះ កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរក្នុងនោះមានដូចជា៖
១. សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដាគណនេយ្យ និងរាយការណ៍អន្តរជាតិ (International Standards of Accounting and Reporting–ISAR) សម្រាប់អាណត្តិ ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និង
២. សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍(Programme Coordinating Board (PCB) of the Joint United Nations Programme on HIV/AIDS - UNAIDS) សម្រាប់អាណត្តិ២០២៣-២០២៥ ដោយគិតចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់បន្ថែមថា ការជាប់ឆ្នោតជាសមាជិក ISAR និង UNAIDS PCB ប ង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងការទទួលស្គាល់របស់សហគមន៍អន្តរជាតិនូវការកសាងជាតិឡើងវិញ និងការគ្រប់គ្រង ការរាតត្បាតមេរោគអេដស៍ ប្រកបដោយជោគជ័យរបស់ កម្ពុជា ក៏ដូចជាការរួមចំណែករបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។ នេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការជឿទុកចិត្តពីរដ្ឋាភិបាលទាំងអស់ ដែលបានបោះឆ្នោតគាំទ្រកម្ពុជា សម្រាប់តួនាទីដ៏សំខាន់ទាំងនេះ៕
ដោយ៖ គង់ ឌិន



