ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹង ថា ក្រៅពីរាជធានីភ្នំពេញ យុវជនស័្មគ្រចិត្តតាមបណ្ដាខេត្តដែលមានការប្រកួត ក្នុងនោះក៏មានយុវជនស័្មគ្រចិត្ត ស.ស.យ.ក. ផងដែរ ដែលបានចូលរួមជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ បន្ថែមពីការស័្មគ្រចិត្តដោយបំពេញការងារតាមតួនាទីរៀងៗខ្លួនប្រកបដោយស្មារតីមោះមុត ប្អូនៗយុវជនស័្មគ្រចិត្តក៏បានចូលរួមជួយសម្រួលកិច្ចការងារសង្គមមួយចំនួនរួមមាន ការជួយសម្អាតទីតាំងប្រកួត រើសសំរាម និងការជួយយកអាសាបងប្អូនកីឡាករ កីឡាការិនី ជាដើម។ល។
ប្រភពដដែលបន្តថា ទឹកចិត្ត និងឆន្ទៈរបស់យុវជនស័្មគ្រចិត្ត ជាកត្តាលីករសំខាន់មួយក្នុងការដឹកនាំព្រឹ ត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានជោគជ័យ។ ស.ស.យ.ក ក៏បាន ថ្លែងអំណរគុណចំពោះប្អូនៗយុវជនស័្មគ្រចិត្ត ចំពោះទឹកចិត្តដ៏ប្រពៃនេះផងដែរ៕ ដោយ៖ គង់ ឌិន



