ភ្នំពេញ ៖ បងប្អូនជនរួមជាតិជាទីគោរព !ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអាការសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមសាររបស់សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្ដេច។
សម្ដេចក្រឡាហោមបានបន្តថា ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាក៏ដោយ ខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតាដដែល។
ជាមួយគ្នានេះ ខ្ញុំក៏សុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយរយៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជ នរួមជាតិរហូតបានជាសះស្បើយ៕ ដោយ៖ គង់ ឌិន
