
នៅថ្ងៃសុក្រនេះ តុលាការហ្វីលពីន បានសម្រេចឲ្យរួចខ្លួនអតីតសមាជិកព្រឹទ្ធសភាគឺលោកស្រី Leila De Lima ដែលស្ថិតក្នុងចំណោមអ្នករិះគន់ខ្លាំងបំផុតលើអតីតប្រធានាធិបតីលោក Rodrigo Duterteពីករណីព្រហ្មទណ្ឌដែលបានចោទប្រកាន់ថា ពេលនៅកាន់តំណែងជារដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តី លោកស្រីបានទទួលប្រាក់ពីក្រុមជួយដូរគ្រឿងញៀន ។
លោកស្រី De Limaវ័យ ៦៣ឆ្នាំ បានជាប់ឃុំឃាំងអស់រយៈពេល ៦ឆ្នាំមកហើយហើយថ្វីត្បិតតែមានការឲ្យរួចខ្លួនរបស់លោកស្រីក៏ដោយ លោកស្រី នឹងមិនត្រូវបានដោះលែងភ្លាមៗនោះដែរ ដោយសារតែលោកស្រី មានករណីមួយទៀតជាប់នៅតុលាការ ។
លោកស្រី និយាយមុនពេលឡើងជិះរថយន្តនគរបាលនាំខ្លួនលោកស្រីទៅកាន់មន្ទីរឃុំឃាំងវិញថា វាគឺជាថ្ងៃដ៏សប្បាយរីករាយមួយ វាគឺជាការចាប់ផ្តើមការបង្ហាញឲ្យឃើញថាខ្ញុំគ្មានកំហុសនោះទេ ។
គួរឲ្យដឹងថា លោកស្រី De Lima រងការចោទប្រកាន់កាលពីឆ្នាំ ២០១៧ រយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយពេលលោកស្រីបើកការស៊ើបអង្កេតនៅព្រឹទ្ធសភាលើសង្រ្គាមគ្រឿងញៀនរបស់លោក Duterte ដែលបានសម្លាប់អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនរាប់ពាន់នាក់៕
