
រដ្ឋអាជ្ញាអាមេរិកបានឲ្យដឹងថា អ្នកបង្កើតយូធូប (YouTuber) ម្នាក់ ដែលមានចេតនាធ្វើឲ្យធ្លាក់យន្តហោះ ដើម្បីទទួលបានការចូលមើលច្រើន នឹងផ្តល់ចម្លើយពីភាពមានទោស ដែលរារាំងដល់ការស៊ើបអង្កេតរបស់រដ្ឋបាលសហព័ន្ធ ដោយការសម្អាតកន្លែងធ្លាក់យន្តហោះនេះ។
លោក Trevor Jacob វ័យ ២៩ឆ្នាំ បានបង្ហោះវីដេអូនៃការធ្លាក់យន្តហោះ នៅលើឆាណែលយូធូប កាលពីខែធ្នូ ឆ្នាំ២០២១ ដោយបញ្ជាក់ថា វាជាឧបទ្ទវហេតុ។ ការបង្ហោះនោះ មានអ្នកចូលមើលជាង ២,៩លានដង មកទល់ពេលនេះ។
ក្នុងកិច្ចព្រមព្រៀងទទួលស្គាល់កំហុស លោក Jacob បាននិយាយថា ខ្លួនបានថតវីដេអូជាផ្នែកនៃកិច្ចសន្យាឧបត្ថម្ភផលិតផល។ រូបគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២០ឆ្នាំ។
ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែឧសភា) ថា អ្នកបើកបរយន្តហោះ និងអ្នកលោតឆ័ត្រយោងវ័យ២៩ឆ្នាំនេះ បានយល់ព្រមសារភាពកំហុសថាបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដោយការបំផ្លាញ និងលាក់បាំង ដោយចេតនា ដើម្បីរារាំងដល់ការស៊ើបអង្កេតរបស់រដ្ឋបាលសហព័ន្ធ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោក Jacob បានហោះចេញពីអាកាសយានដ្ឋាន Santa Barbara រដ្ឋកាលីហ្វ័រញ៉ា ដោយហោះហើរម្នាក់ឯង ជាមួយនឹងកាមេរ៉ា ដែលដាក់នៅលើយន្តហោះរបស់ខ្លួន។ ក្រៅពីកាមេរ៉ាថតនោះ លោក Jacob បានយកឆ័ត្រយោងរួមទាំងដងថតសែលហ្វីទៅជាមួយផងដែរ។
យន្តហោះបានធ្លាក់ចូលទៅក្នុងព្រៃជាតិអភិរក្ស Los Padres ៣៥នាទីបន្ទាប់ពីការហោះហើរ។ រូបគេបានឡើងទៅកាន់កន្លែងនោះ ហើយបានយកវីដេអូមកវិញ។
អ្នកចូលមើលយូធូបខ្លះ បានមានការសង្ស័យចំពោះការធ្លាក់យន្តហោះនេះ ដោយកត់សម្គាល់ថា លោក Jacob បានពាក់ឆ័ត្រយោងរួចស្រេចហើយ ហើយមិនបានព្យាយាមរកកន្លែងចុះចតដោយសុវត្ថិភាពនោះឡើយ។
គេរំពឹងថា លោក Jacob នឹងបង្ហាញខ្លួនលើកដំបូង នៅតុលាការ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប័ណ្ណបើកបររបស់គាត់ ត្រូវបានដកហូតកាលពីឆ្នាំមុន។ ជាមួយគ្នានេះ មេធាវីរបស់លោក Jacob មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់បណ្ដាញសារព័ត៌មាននោះទេ៕
