
ក្រុមមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង និងជប៉ុនបានបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រ (១២ ឧសភា)នេះ ក្នុងទីក្រុងសេអ៊ូលដើម្បីពិភាក្សាអំពីការបញ្ជូនក្រុមអ្នកជំនាញរបស់ទីក្រុងសេអ៊ូលទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលត្រូវបានខូចខាត។
លោក Kaifu Atsushi អគ្គនាយកក្រសួងការបរទេសជប៉ុនសម្រាប់ការរំសាយសព្វាវុធ ការមិនរីកសាយភាយនុយក្លេអ៊ែរ និងវិទ្យាសាស្ត្រ បានចូលរួមកិច្ចប្រជុំជាមួយអគ្គនាយកក្រសួងការបរទេសកូរ៉េខាងត្បូងលោក Yun Hyun-soo ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន ជាទីដែលលោកបានពិភាក្សាអំពីបញ្ហាតំបន់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាអនុញ្ញាតឱ្យក្រុមអ្នកជំនាញរបស់ទីក្រុងសេអ៊ូលទៅពិនិត្យការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាតាមការគ្រោងទុក ដែលមានកង្វល់ដ៏ចម្រូងចម្រាសជាមួយប្រទេសជិតខាងរបស់ជប៉ុនអំពីផលប៉ះពាល់បរិស្ថានដែលអាចកើតមាន៕
