អ្នកនាំពាក្យសេតវិមាន បាននិយាយថា មន្ទីបញ្ចកោណ នឹងពង្រឹងគោលជំហរការពាររបស់ខ្លួន នៅតំបន់ឈូងសមុទ្រ ខណៈទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ពីបទបង្កើនការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងតំបន់យុទ្ធសាស្ត្រមជ្ឈឹមបូព៌ា។

អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោក John Kirby បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ពីបទតាមរំខាន ការវាយប្រហារឬជ្រៀតជ្រែកក្នុងសិទ្ធធ្វើនាវាចរណ៍របស់នាវាពាណិជ្ជកម្មដោតទង់ជាតិអន្តរជាតិចំនួន១៥គ្រឿងកាលពី២ឆ្នាំកន្លងទៅនេះ។

អ្នកនាំពាក្យសេតវិមានរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ន ក្រសួងការពារជាតិ នឹងមានចំណាត់ការជាបន្តបន្ទាប់ដើម្បីពង្រឹងគោលជំហរការពាររបស់យើងនៅឈូងសមុទ្រអារ៉ាប់។
លោកKirby និយាយថា យើងបានមើលឃើញការគំរាមរបស់អ៊ីរ៉ង់ដដែលៗ ដូចជាការរឹបអូសប្រដាប់អាវុធ និងការវាយប្រហារលើនាវាពាណិជ្ជកម្មដែលកំពុងអនុវត្តសិទ្ធិនិងសេរីភាពនៃការធ្វើនាវាចរណ៍របស់ពួកគេក្នុងផ្លូវទឹកអន្តរជាតិ។
ប្រទេសអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងអន្តរជាតិ២គ្រឿងនៅច្រកសមុទ្រ Hormuz រួមទាំងមួយគ្រឿងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីចុងខែមេសា និងដើមខែឧសភា។