អាមេរិក៖ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ជាអ្នកការទូតលំដាប់លេខ២របស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃសុក្រថា លោកស្រី នឹងចូលនិវត្តន៍នៅចុងខែមិថុនា បន្ទាប់ពីរយៈពេល៣ទសវត្សរ៍នៅក្នុងក្រុមការងារបង្កើតគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន។
លោកស្រី Sherman គឺជាស្ត្រីដំបូងគេក្នុងតួនាទីបច្ចុប្បន្នរបស់លោកស្រី ដែលលោកស្រីទទួលបន្ទុកផ្នែកការទូតរបស់រដ្ឋបាល លោក Biden ជាមួយប្រទេសចិន និងបានដឹកនាំការចរចាដែលពុំទទួលបានជោគជ័យជាមួយរុស្ស៊ី ដើម្បីបញ្ចៀសការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងខែកុម្ភះឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានកោតសរសើរលោកស្រី Sherman ចំពោះការទម្លាយឧបសគ្គនានាសម្រាប់ស្ត្រី និងការងារលើបញ្ហាប្រឈមគោលនយោបាយដ៏តានតឹងបំផុតមួយចំនួន នៃពេលវេលារបស់យើង។ លោក Bliken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសរបស់យើង កាន់តែមានសុវត្ថិភាពនិងសន្តិសុខបន្ថែមទៀត ហើយភាពជាដៃគូរបស់យើងកាន់តែខ្លាំងថែមទៀតដោយសារតែការដឹកនាំរបស់លោកស្រី។
នៅក្នុងសេចក្តីជូនដំណឹងមួយ ទៅកាន់បុគ្គលិកក្រសួងការបរទេស ដោយប្រកាសពីការលាលែងពីតំណែងរបស់លោកស្រី លោកស្រីSherman និយាយថាអំឡុងពេលរបស់លោកស្រី នៅក្នុងរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ២០២១ ត្រូវបានកត់សំគាល់ដោយការផ្លាស់ប្តូររលកភូមិសាស្ត្រនយោបាយ ដោយលើកឡើងពីការដកថយរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានដែលកំពុងបង្កើនការប្រកួតប្រជែងជាមួយប្រទេសចិន និងសង្គ្រាមនៅអ៊ុយក្រែន៕