អាមេរិក៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី លោក Joe Biden បានជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន នៅសប្តាហ៍នេះហើយភាគីទាំងពីរ បានទទួលស្គាល់ភាពចាំបាច់ដើម្បីបោះជំហានឲ្យហួសពីឧបទ្ទវហេតុបាឡុងចារកម្មតាមដែលចោទប្រកាន់ ដែលបានបណ្តាលឲ្យមានការផ្អាកទំនាក់ទំនងរវាងប្រទេសមហាអំណាចកំពូលទាំងពីរ។

សេតវិមាន សង្ឃឹមថា រយៈពេល៨ម៉ោងនៃការពិភាក្សាក្នុងទីក្រុងវីយែននកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ រវាងមន្ត្រីសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan និង អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi នឹងបានត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។
ស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោនរបស់ប្រទេសចិន បាននិយាយថា ភាគីទាំងពីរមានការពិភាក្សាត្រង់ទៅត្រង់មក ស៊ីជម្រៅ មានអត្ថន័យជ្រាលជ្រៅនិងប្រកបដោយស្ថាបនា លើការដាក់ចេញនូវឧបសគ្គក្នុងទំនាក់ទំនងចិន-អាមេរិក និងធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងបន្ទាប់ពីការធ្លាក់ចុះដ៏យ៉ាប់យ៉ឺន៕
