ស៊ូដង់៖ យោងតាមក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថាកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ក្នុងទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ចៀសការរងទុក្ខលំបាកដល់ជនស៊ីវិល ក្នុងពេលកិច្ចចរចា ដែលកំពុងបន្តធ្វើសម្រាប់បទឈប់បាញ់។

បន្ទាប់ពីរយៈពេល១សប្តាហ៍នៃការពិភាក្សា នៅក្នុងទីក្រុង Jeddah ភាគីជម្លោះ បានចុះហត្ថលេខាលើសេចក្តីប្រកាសកាលពីថ្ងៃសុក្រដោយប្តេជ្ញាធ្វើការឆ្ពោះទៅរកបទឈប់បាញ់រយៈពេលខ្លី ក្នុងកិច្ចពិភក្សាបន្ថែមទៀត។
ឯកសារនៃសេចក្តីប្រកាស ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សា បាននិយាយថា «ប្តេជ្ញាផ្តល់អាទិភាពកិច្ចពិភាក្សាដើម្បីសម្រេចបានបទឈប់បាញ់រយៈពេលខ្លី ក្នុងបំណងសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌បន្ទាន់ និងស្តារឡើងវិញសេវាកម្មចាំបាច់នានា។

សេចក្តីថ្លែងការណ៍មកពីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ភាគីទាំងអស់ នឹងផ្តោតលើការឈានដល់កិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់មានជាធរមាន ដែលមានរយៈពេលរហូតដល់ប្រមាណ១០ថ្ងៃ។
កងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័ស បាននិយាយនៅក្នុងកិច្ចព្រមព្រៀង ថាពួកគេ នឹងកំណត់ពេលកិច្ចពិភាក្សាដែលបន្ថែមពេលជាបន្តបន្ទាប់ដើម្បីសម្រេចបានការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ក្រុមអ្នកចរចា ដែលកំពុងធ្វើការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងអ្នកសម្របសម្រួលសហរដ្ឋអាមេរិក នឹងពិភាក្សាបន្ទាប់ពីវិធានការសន្តិសុខជាក់លាក់សម្រាប់ការការពារការផ្គត់ផ្គង់ជំនួយបន្ទាន់។