អាជ្ញាធរក្នុងប្រទេសកេនយ៉ា និយយាថា សត្វតោព្រៃឈ្មោលមួយក្បាល ត្រូវបានគេជឿថា មានអាយុចាស់បំផុតនៅលើពិភពលោកបានងាប់ បន្ទាប់ត្រូវបានចាក់ដោយលំពែងដោយក្រុមអ្នកគង្វាល។
Loonkiito មានអាយុ១៩ឆ្នាំ បានងាប់នៅភូមិ Olkelunyiet កាលពីយប់ថ្ងៃពុធ បន្ទាប់រកចំណីនៅកសិដ្ឋានសត្វចិញ្ចឹម។
ក្រុមអភិរក្ស Lion Guardians បាននិយាយថា សត្វតោនេះ គឺជាសត្វតោឈ្មោលមានអាយុចាស់បំផុតនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើង និងអាចថានៅទូទាំងទ្វីបអាហ្វ្រិក។
សត្វតោភាគច្រើនរស់នៅរហូតអាយុត្រឹម១៣ឆ្នាំនៅក្នុងព្រៃ។ យោងតាមសហព័ន្ធសត្វព្រៃពិភពលោក បានឲ្យដឹងថា សត្វតោស្ទើរតែទាំងអស់រស់នៅទ្វីបអាហ្វ្រិក ដោយមានចំនួនតិចតួចនៅក្នុងប្រទេសឥណ្ឌា។
អ្នកនាំពាក្យអង្គភាពសេវាសត្វព្រៃប្រទេសកេនយ៉ា លោក Paul Jinaro បានប្រាប់សារព័ត៌មាន BBC ថា សត្វតោនេះចាស់ ហើយទន់ខ្សោយ និងដើរវង្វេងផ្លូវចូលទៅក្នុងភូមិពីឧទ្យាន ដើម្បីស្វែងរកអាហារ។
ក្រុមអភិរក្ស Lion Guardians ដែលធ្វើប្រតិបត្តិការនៅតំបន់ជនជាតិភាគតិច Maasai ធ្វើការដើម្បីអភិរក្សចំនួនសត្វតោនៅក្នុងឧទ្យានជាតិ Amboseli និងបាននិយាយថា ការបញ្ចប់នៃគ្រោះរាំងស្ងួត ត្រូវបានបង្ហាញជាទម្លាប់ដោយការកើនឡើងនៃការពើបប្រទះគ្នារវាងសត្វតោនិងមនុសុ្ស។