អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានអំពាវនាវឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួនចេញតវ៉ាទូទាំងប្រទេសដែលមានឈ្មោះថា "សេរីភាព " នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីការចាប់ខ្លួន និងឃុំខ្លួនរូបលោករយៈពេលខ្លី កាលពីសប្ដាហ៍មុន ដែលបណ្ដាលឲ្យមានភាពរំជើបរំជួលយ៉ាងខ្លាំង។

កំពូលកីឡាករគ្រីឃីតមួយជំនាន់ដែល ជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងក្ដីផ្លូវច្បាប់រាប់សិបករណី ចាប់តាំងពីត្រូវបានបណ្ដេញចេញពីតំណែងកាលពីខែមេសាឆ្នាំមុន ត្រូវបានដោះលែងដោយតម្រូវឲ្យបង់ប្រាក់ធានា កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ បន្ទាប់ពីការឃុំខ្លួនរបស់លោកត្រូវបានតុលាការកំពូលប្រកាសថាជារឿងខុសច្បាប់។
ការផ្ទុះកំហឹងដោយសារតែការចាប់ខ្លួន ក្រុមអ្នកគាំទ្របានដុតអគាររដ្ឋាភិបាល បិទផ្លូវ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយោធា ដែលពួកគេបានដាក់ការស្ដីបន្ទោសទៅលើការចាប់ខ្លួនរបស់លោក Khan។
លោកបាននិយាយនៅក្នុងសុន្ទរកថាផ្សាយនៅលើ YouTube កាលពីយប់ថ្ងៃសៅរ៍ថា សេរីភាព មិនមែនកើតឡើងដោយងាយៗនោះទេ អ្នកត្រូវតែឆាប់ចាប់យកវាឲ្យបាន ។ អ្នកត្រូវតែលះបង់ដើម្បីយកសេរីភាពនោះ ។
លោកបានអំពាវនាវឲ្យក្រុមអ្នកគាំទ្ររបស់លោកចេញតវ៉ា ដែលលោកបានហៅថា "នៅគ្រប់ផ្លូវនិងគ្រប់ភូមិឋានរបស់អ្នក"នៅទូទាំងប្រទេសនៅថ្ងៃអាទិត្យនេះ និងបានប្រកាសវិលចូលយុទ្ធនាការនៅថ្ងៃពុធសម្រាប់ការបោះឆ្នោតភ្លាមៗ៕