ភ្នំពេញ៖ ពិតជាគួរឲ្យអបអរសាទរ និងសប្បាយរីករាយជាខ្លាំង ដែលអត្តពលិកកម្ពុជារកបានមេដាយរហូតដល់ចំនួន ៧គ្រឿង ពីការប្រកួតប្រភេទកីឡាចំបាប់ថ្ងៃដំបូង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ នាអគារ CCIC ជ្រោយចង្វា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងនោះមានមេដាយមាសចំនួន ២គ្រឿង, ប្រាក់ចំនួន ១គ្រឿង និងសំរឹទ្ធចំនួន ៤គ្រឿង ។
សម្រាប់មេដាយមាសទាំង ២គ្រឿងនោះ រកបានដោយកីឡាករ ស៊ូ បាលី ទម្ងន់១៣០គីឡូក្រាម និងកីឡាករ ម៉ូ សារី ទម្ងន់៩៧គីឡូក្រាម, ចំណែកប្រាក់ ១គ្រឿង រកបានដោយកីឡាករ យុន ប៊ុនណា ទម្ងន់៦០គីឡូក្រាម ។ រីឯសំរឹទ្ធ ៤គ្រឿង រកបានកីឡាករ កែវ សុភ័ក្ត, កីឡាករ ឆាំ ពិស៊ិន ទម្ងន់៧៧គីឡូក្រាម, កីឡាករ ថាច សុជាតិ ទម្ងន់៥៥គីឡូក្រាម និងកីឡាករ ឈឿង វាសនា ទម្ងន់៨៧គីឡូក្រាម ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតប្រភេទកីឡាចំបាប់ មានកីឡាករចំនួន ៧ប្រទេស ចូលរួម ក្នុងនោះមានកីឡាករវៀតណាម ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ឡាវ និងកីឡាករកម្ពុជា ដោយការប្រកួតកីឡាប្រភេទនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែឧសភា ដែលក្រៅពីកីឡាករបុរស ក៏មានកីឡាការិនីចូលរួមប្រកួតនៅថ្ងៃស្អែកផងដែរ ៕







