លីប៊ី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កងកម្លាំងសន្តិសុខប្រទេសលីប៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានដាក់ពង្រាយកងកម្លាំងនៅក្នុងតំបន់ Zawiya បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធក្នុងទីក្រុងភាគខាងលិច ដែលបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ រួមមានជនស៊ីវិល២នាក់។

ឧត្តមសេនីយលោក Akram Douwa និយាយថា យើងបានដាក់ពង្រាយតាមការណែនាំរបស់អាជ្ញាធរយោធាជាន់ខ្ពស់ នៅក្នុងតំបន់ប្រយុទ្ធគ្នា និងបានទទួលជោគជ័យដោយសារកិច្ចប្រឹងប្រែងសម្របសម្រួល ដោយមេដឹកនាំកុលសម្ព័ន្ធ និងមេដឹកនាំទីក្រុងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។
ក្រុមគូប្រជែង ក្នុងតំបន់ Zawiya នៅភាគខាងលិចរដ្ឋធានីទ្រីប៉ូលី កំពុងប្រយុទ្ធគ្នាជាញឹកញាប់រយៈពេលជាច្រើនសប្តាហ៍មកនេះ។
គ្រូពេទ្យយោធាក្នុងតំបន់ បានរាយការណ៍ថាជនស៊ីវិល២នាក់និងសមាជិកជីវពលម្នាក់បានស្លាប់ ក្នុងការប៉ះទង្គិចកាលពីពេលយប់ឈានចូលថ្ងៃសុក្រ ហើយជនស៊ីវិល២នាក់ផ្សេងទៀតបានរងរបួស៕
