ចិន៖ ប្រទេសចិន និងអូស្ត្រាលី បានព្រមព្រៀងបន្តយន្តការកិច្ចសន្ទនាពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្រិតខ្ពស់ រួមទាំងគណៈកម្មាធិការរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ យោងតាមសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ការបន្តនេះ ត្រូវបានព្រមព្រៀងអំឡុងពេលកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចថ្នាក់រដ្ឋមន្ត្រីរួមអូស្ត្រាលី-ចិនលើកទី១៦ ធ្វើជាសហប្រធានដោយលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រា្តលី លោក Don Farrell ដែលមកធ្វើទស្សនកិច្ច ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។

លោក Wang បានអំពាវនាវដល់ប្រទេសអូស្រា្តលី បង្កើតកិច្ចប្រឹងប្រែងរួមដើម្បីពង្រីកផលប្រយោជន៍រួម និងបានជំរុញឲ្យប្រទេសទាំងពីរដោះស្រាយការព្រួយបារម្ភរវាងគ្នាលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។
លោក Wang បានកត់សំគាល់ថា ប្រទេសចិននឹងពន្លឿនការបង្កើតគំរូអភិវឌ្ឍន៍ថ្មីរបស់ខ្លួន និងជំរុញការបើកចំហកម្រិតខ្ពស់ ដែលនឹងនាំយកឱកាសថ្មីដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងប្រទេសអូស្ត្រាលី។
លោក លោក Farrell និយាយថា ភាគីទាំងពីរបានបង្កើតភាពរីកចម្រើនដ៍រឹងមាំនៅពេលថ្មីៗនេះ ក្នុងការឈានទៅមុខនូវទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច និងដោះស្រាយសមស្របចំពោះការព្រួយបារម្ភផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចសំខាន់ៗរវាងគ្នា។