ស៊ូដង់៖ក្រុមមន្ត្រីប្រទេសស៊ូដង់ បានជួបជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងវិបត្តិ និងការផ្តល់ជំនួយ បន្ទាប់ពីរយៈពេល១ខែ នៃការប្រយុទ្ធគ្នា បណ្តាលឲ្យស្ថានភាពមនុស្សធម៌ធ្លាក់ចុះធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស៊ូដង់ លោក Jibril Ibrahim បាននិយាយថា លោកបានពិភាក្សានៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកតំណាងពិសេសក្នុងប្រទេសស៊ូដង់លោក Volker Perthes នូវបញ្ហាជាច្រើនរួមទាំងកង្វះខាតទឹកប្រើប្រាស់។
លោក Ibrahim និយាយថា យើងបានពិភាក្សាជាមួយពួកគេអំពីរដូវធ្វើកសិកម្ម និងភាពចាំបាច់នៃការគាំទ្រទាំងស្រុងនៅរដូវធ្វើកសិកម្ម ដើម្បីកុំឲ្យយើងប្រឈមមុខកង្វះស្បៀងអាហារនៅក្នុងឆ្នាំខាងមុខ។
កិច្ចប្រជុំ បានធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែ Port Sudan ជាទីដែលពលរដ្ឋស៊ូដង់ភាគច្រើនរស់នៅនាពេលថ្មីៗនេះ បន្ទាប់ពីការជម្លៀសខ្លួនចេញពីរដ្ឋធានីដែលរួបរិតដោយសង្គ្រាម។

មនុស្សប្រមាណ ២សែននាក់ បានភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង ហើយមនុស្សជាង៧សែននាក់ទៀត បានភៀសខ្លួននៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបង្កឲ្យមានវិបត្តិមនុស្សធម៌៕